(កំពង់ឆ្នាំង)៖ ពលរដ្ឋមានជីវភាពខ្វះខាត មានពិការភាព និងនិវត្តជនចំនួន៥នាក់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងរទេះរុញ ពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវត្តិសម្បទាខេត្តកំពង់ឆ្នាំង ដែលបាននាំយកទៅផ្ដល់ជូនដោយអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្តមួយចំនួនទៀត។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ២រូបនេះ មានលោកស្រី កែ ចន័្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោកស្រី កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោកស្រី ដោក សុធា ប្រធានគណៈឃោសនាអប់រំខេត្ត, លោកស្រី ប៉ាល់ យឿន និងលោកស្រី ប្រាក់ សុកន សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី ពេជ្រ សុភា ប្រធានមន្ទីរកិច្ចការនារី, អមដំណើរដោយម្ចាស់អំណោយ គឺលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងក្រុមការងារ។
ក្នុងឱកាសផ្ដល់ជូនអំណោយ និងថវិកាមួយចំនួនដល់ពលរដ្ឋទាំង៥នាក់ខាងលើនេះ លោកស្រី កែ ច័ន្ទមុន្នី បាននាំនូវការផ្ដាំផ្ញើសុខទុក្ខពីថ្នាក់ដឹកនាំដល់ពលរដ្ឋទាំង ៥ នាក់ខាងលើនេះ ប្រកបដោយមនោសញ្ចេតនា នឹករលឹក និងគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត។ ក្នុងនាមជាតំណាងឱ្យពលរដ្ឋ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្ដល់នូវសេចក្តីទុកចិត្ត ដោយបានបោះឆ្នោតឲ្យលោកស្រី ជាប់ជាតំណាងរាស្ត្រ និងមានឱកាសបានបម្រើប្រជាពលរដ្ឋនៅក្នុងអាណត្តិទី៧នេះ ជាបន្តទៀត។
លោកស្រី បានសន្យានៅចំពោះមុខប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទាំងអស់ថា នឹងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើ និងការពារដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសនៅពេលដែលពលរដ្ឋជួបការលំបាក ឬក៏មានការខ្វះខាតផ្នែកជីវភាពរស់ នៅប្រចាំថ្ងៃ និងជួបបញ្ហាដោយសារមានជំងឺដង្កាត់ផ្សេងៗ គឺលោកស្រីតែងចុះសួរសុខទុក្ខដល់លំនៅឋានរបស់បងប្អូននៅក្នុងមូលដ្ឋាន ដើម្បីជួយដោះស្រាយឱ្យបានទាន់ ពេលវេលាទៅតាមលទ្ធភាព។
ពលរដ្ឋដែលបានទទួលអំណោយ និងសម្ភារៈប្រើប្រាស់ទាំង ៥នាក់ខាងលើនេះ មានប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២នាក់ ជនមានពិការភាព ២នាក់ និងនិវត្តជន ១នាក់។ ក្នុងនោះ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក៏បានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងរទេះរុញមួយគ្រឿង ជូនដល់អតីតកម្មការិនីរោងចក្រម្នាក់ មានទីលំនៅក្នុងភូមិក្តុលរអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ជាជនមានពិការភាព ដោយសារនាងមានជំងឺ ដើរមិនរួចជាច្រើនឆ្នាំ ហើយត្រូវបានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត តាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីប៉ុន្មានខែមុនកន្លងមកនេះ។
បន្ទាប់ពីមានការយកចិត្តទុកដាក់ក្នុងការថែទាំ និងព្យាបាលពីក្រុមគ្រូពេទ្យ ស្ត្រីជាអតីតកម្មការិនីរោងចក្រខាងលើនេះ មានអាការៈធូរស្រាលខ្លះហើយ តែជើងរបស់នាង នៅមិនទាន់អាចដើររួចបាននៅឡើយ៕