(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំ «ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន Cambodia-China Gastronomy Week» រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ និងមានស្តង់ម្ហូបអាហារកម្ពុជា-ចិន ចំនួន៦០ស្តង់ ដែលស្ថិតនៅបរិវេណមុខសួនព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។
ពិធីនេះក្រោមវត្តមានរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Lu QiZhi ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប តំណាងលោក Wang WenBin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ព្រមទាំងលោក-លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងពិធីបើកនោះលោក ហួត ហាក់ បានលើកឡើងថា ការរៀបចំ «ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន» នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ កិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តហៃណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។ ជាពិសេស ការជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ»។
លោក ហួត ហាក់ បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលបានមកដោយលំបាក ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស ផ្លូវ អគ្គីសនី ទឹក និងបច្ចេកវិទ្យាឌីជីថល»។
លោកបន្ថែមថា រាជរដ្ឋាភិបាលនៅតែផ្តោតជាសំខាន់លើវិស័យទេសចរណ៍ «បន្តលើកកម្ពស់វិស័យ ទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត គោលនយោបាយ និងផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»។
លោក ហួត ហាក់ បានបញ្ជាក់ថា ចំណងសាមគ្គីភាព មិត្តភាព ភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស និងប្រជាជនយើងទាំងពីរកាន់តែរឹងមាំ មានវិបុលភាព និងស្ថិតស្ថេរជាអមតៈ។ លោកក៏សូមជូនពរឱ្យ «ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ឆ្នាំ២០២៤»នេះ ទទួលបានជោគជ័យគួរជាទីមោទនៈ និងសូមឱ្យសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងមិត្តភាពកម្ពុជា-ចិន នៅតែបន្តជារៀងរហូត។
លោក Lu QiZhi ប្រទេសចិនមានអាយុកាលនៃប្រវត្តិសាស្ត្រយូរអង្វែង និងមានវប្បធម៌ដែលបង្កប់នូវអត្ថន័យដ៏សែនជ្រាលជ្រៅ វប្បធម៌ម្ហូបអាហារក៏កាន់តែសម្បូរបែប។ បើនិយាយអំពីម្ហូបអាហារចិនវិញ គេតែងតែគិតដល់ «ក្រុមមុខម្ហូបធំៗទាំងប្រាំបី» នៅក្នុងប្រទេសចិន ប៉ុន្តែតាមពិតទៅវាមានច្រើនជាងនេះទៅទៀត ស្ទើរតែគ្រប់ខេត្ត និងក្រុងក្នុងប្រទេសចិនសុទ្ធតែមានមុខម្ហូបពិសេសរៀងៗខ្លួន។ ម្ហូបអាហារចិន ក៏ទទួលបានការស្វាគមន៍ជាខ្លាំងនៅជុំវិញពិភពលោក។ ហើយអាហារចិនបានក្លាយជាផលិតផលវប្បធម៌មួយដ៏អស្ចារ្យបំផុត។
លោកបន្តថា ម្ហូបអាហារបានក្លាយជាស្ពានមួយសម្រាប់ប្រជាជនចិន និងកម្ពុជា ក្នុងការស្គាល់ពីគ្នាទៅវិញទៅមក និងសម្រាប់ការផ្លាស់ប្តូររៀនសូត្រពីគ្នាទៅវិញទៅមក រវាងអរិយធម៌ចិន និងកម្ពុជា។ តាមរយៈកម្មវិធីម្ហូបអាហារនាលើកនេះ យើងមិនត្រឹមតែបានភ្លក់ពីរសជាតិអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ហើយថែមទាំងបានរាប់អានមិត្តភាពដោយតាមរយៈម្ហូបអាហារ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងជំរុញការផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅ។
លោក យុន លីនណេ កម្មវិធី «ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន» នាពេលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ អំពីម្ហូបអាហារ និងបច្ចេកទេសចម្អិន ដែលអាចឆ្លុះបញ្ចាំងឱ្យឃើញពីអរិយធម៌ និងវប្បធម៌ដ៏ផូរផង់របស់ប្រទេសទាំងពីរផងដែរ។
ជាមួយនេះ លោកបញ្ជាក់ថា តាមរយៈពិព័រណ៍នេះ មិនត្រឹមតែអាចលើកកម្ពស់ប្រពៃណីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រជាជនខ្មែរ និងប្រជាជនចិនឱ្យកាន់តែជិតស្និទ្ធទ្វេរឡើង ដើម្បីចូលរួមចំណែកក្នុងការជំរុញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជា វិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាផង ជាពិសេស កំណើនភ្ញៀវទេសចរចិនមកទស្សនាខេត្តសៀមរាបផងដែរ៕