(ព្រះវិហារ)៖ លោក គីម រិទ្ធី ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានណែនាំក្រុមការងារ ត្រូវពង្រឹងសមត្ថភាព នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ជាពិសេសប្រព័ន្ធ បណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត។
ការថ្លែងណែនាំរបស់លោក គីម រិទ្ធី យ៉ាងដូច្នេះក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធការងាររបស់គណៈចលនាមហាជន រយៈពេល៩ខែ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ព្ជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធាន និងសមាជិកគណៈចលនាមហាជន គណៈចលនាយុវជន ក្រុមចលនាស្ត្រី គណៈចលនាអង្គការសមាគមន៍និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណៈចលនាមហាជនទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាជំនួយការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្នុងការងារដឹកនាំចលនាមហាជន របស់គណបក្សក្នុងស្រទាប់មហាជន យុវជន ស្ត្រី កម្មករ និយោជិត អង្គការសមាគម និងដៃគូអភិវឌ្ឍនានា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តកម្ម វិធីនយោបាយ និងគោលនយោបាយរបស់គណបក្សនៅតាមមូលដ្ឋាន ក្នុងខេត្តព្រះវិហារ។
លោក គីម រិទ្ធី ក៏បានណែនាំដល់ក្រុមការងារលេខាធិការដ្ឋាន សូមបន្តសហការជាមួយគណៈចលនា និងក្រុមចលនាទាំង៥ ដើម្បីតាមដានស្វែងយល់អំពីបញ្ហាប្រឈម សភាពការណ៍ និងសតិអារម្មណ៍មហាជននៅគ្រប់មជ្ឈដ្ឋាន ទាំងអស់ ឱ្យបានជាប់ជាប្រចាំ លើការពង្រឹងសមត្ថភាព នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ជាពិសេសប្រព័ន្ធបណ្តាញ ព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាព នៃការផ្សព្វផ្សាយជូនមហាជនឱ្យកាន់តែទូលំទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្ជ្រាបឱ្យប្រជាជនយល់ច្បាស់ អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិលើគ្រប់វិស័យ៕