(ភ្នំពេញ)៖ ពិតជារំភើបឥតឧបមាសម្រាប់ក្រុមអ្នកសិល្បៈខ្មែរក្រោម បន្ទាប់ពីបានស្តាប់ប្រសាសន៍សួរសុខទុក្ខដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សារសួរសុខទុក្ខនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញមនោសញ្ចេតនានឹករលឹក ព្រមទាំងបានកោតសរសើរចំពោះការប្រឹងប្រែងរបស់អ្នកសិល្បៈខ្មែរក្រោម ដែលបានប្រឹងប្រែងថែរក្សាសិល្បៈ និងវប្បធម៌ប្រពៃណីរបស់ខ្មែរ។
កាលពីពេលថ្មីនេះ តាមរយៈលោក សាន សាង ជាទីប្រឹក្សានោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារខ្លីមួយតាមបណ្តាញសង្គមជូនទៅដល់អ្នកសិល្បៈខ្មែរក្រោម បន្ទាប់ពីពួកគេបានរួមគ្នាផលិតបទចម្រៀងមួយស្តីពីអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ។
ក្នុងសារសុខទុក្ខនោះសម្តេចតេជោ បានគូសរំលេចយ៉ាងដូច្នេះ «ពុក អ៊ុំ ពូ ពិតជាកោតសរសើរដែលកូនៗ ក្មួយៗ បានខិតខំថែរក្សាប្រពៃណីជាតិរបស់យើង។ [...] កូនៗ ក្មួយៗ នៅតែរក្សាបាននូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រពៃពីដូនតា ហ្នឹងហើយជាស្ថានភាពដែលយើងចង់បាន។ យើងត្រូវខិតខំរួមគ្នាថែរក្សាការពារនូវមរតកដូនតា កុំឱ្យបាត់បង់ មិនថានៅខ្មែរក្រោម ខ្មែរកណ្តាល ឬខ្មែរលើនោះទេ ខ្មែរយើងទៅរស់នៅទីណាក៏ដោយ បញ្ហាប្រពៃណីជាតិ គឺជាបញ្ហាដ៏ធំ ដែលត្រូវថែទាំទាំងអស់គ្នា»។
សារសំឡេងសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរក្រោម គឺជារឿងកម្រណាស់។ សារសំឡេងរបស់សម្តេចតេជោ បានបង្កប់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតជាមួយបងប្អូនខ្មែរក្រោម។
ក្រុមអ្នកសិល្បៈខ្មែរក្រោមក្នុងវត្តស្វាយសៀមថ្មី វត្តដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែអង្គកឋិនទានទៅនោះ បានសម្តែងក្តីរំភើបឥតឧបមាចំពោះការផ្តល់ក្តីអាណិតស្រឡាញ់របស់សម្តេចតេជោទៅលើពួកគេ។
ព្រះភិក្ខុអនុបណ្ឌិត ធម្មវិមានត្ថេរ ថាច់ ញុឹក អនុគណរងប្រចាំការសាលាអនុគណស្រុកថ្កូវ និងជាព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលមានទឹកចិត្តមេត្តាធម៌ សណ្តោសប្រណៃចំពោះកូនចៅខ្មែរក្រោម ទោះរស់នៅឆ្ងាយពីសម្តេច តែសម្តេចនៅតែផ្តល់នូវការស្រឡាញ់រាប់អាន។
ទន្ទឹមនឹងការសួរសុខទុក្ខហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការលើកទឹកចិត្តជូនដល់ក្រុមអ្នកសិល្បៈខ្មែរក្រោមចំនួន ៤៥នាក់ ក្នុង១នាក់ទឹកប្រាក់ ៥០០ដុល្លារផងដែរ៕