(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ ដែលកំពុងតម្កល់រៀបចំពិធីបុណ្យនៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។
សម្តេចមហាបវរធិបតី សម្តែងនូវសេចក្តីសង្វេគ សោកស្ដាយ ស្រណោះអាឡោះអាល័យ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមរណភាពរបស់លោកបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី។
មរណភាពរបស់លោកបណ្ឌិត ក៏ជាការបាត់បង់ឥស្សរជនដ៏ឆ្នើមរបស់ជាតិ ដែលតែងតែបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ លើកស្ទួយ កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងធ្លាប់បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបំផុតជូនប្រទេសជាតិ តាមរយៈការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូតមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត ជា ចាន់តូ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕