(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានថ្កោលទោសការផ្សាយព័ត៌មានមកពីក្រៅប្រទេសមួយចំនួន ដែលផ្សព្វ ផ្សាយនូវព័ត៌មានលាបពណ៌ចោទថា កម្ពុជាបណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា «កម្ពុជាមិនឱ្យប្រទេសរបស់ខ្លួនជាទឹកដីប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនឡើយ»...
នៅលើសកលលោកនេះ គ្មានប្រទេសណាមួយដែលល្អឥតខ្ចោះដោយគ្មានអំពើឧក្រិដ្ឋកើតឡើងសោះនោះទេ។ ប្រទេសណាក៏មានដែរ ប៉ុន្តែកត្តាដែលសំខាន់នោះគឺថា តើចំណាត់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសនោះ តើមានភាពគាំង ឬ រឹងស្តូកដែរទេ?
អាជ្ញាធរនៃប្រទេសកម្ពុជា បានចាត់វិធានការលើការបង្ក្រាបនូវអំពើសង្ស័យមួយទាក់ទងនឹងសេចក្តីរាយការណ៍អំពីការជួញដូរ និងចាប់ជំរិតមនុស្សដោយជនបរទេសមួយក្រុមក្នុងប្រទេសកម្ពុជា។ ប្រតិបត្តិការបង្ក្រាបមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅភូមិដើមអង្គ្រង ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនបរទេសជាតិចិននិងកូរ៉េខាងត្បូង ប្រមាណជាង១ពាន់នាក់។
ការបង្ក្រាបនៅក្នុងខេត្តកំពង់ស្ពឺនោះ មិនមែនជាករណីលើកដំបូងនោះទេ។ កម្ពុជាបានកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នោះមក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជា ដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
ប៉ុន្តែជាមួយនឹងការចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់នោះ ក៏មានសេចក្តីរាយការណ៍ មួលបង្កាច់បង្ខូចខ្លះរបស់បណ្តាញសារព័ត៌មានមួយចំនួន ដែលនិយាយមិនពិតអំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាលើការបង្ក្រាបការជួញដូរមនុស្សរបស់កម្ពុជានេះផងដែរ។ ក្រុមធ្វើនយោបាយជ្រុលនិយម ត្រូវគេឃើញបានឆ្លៀតឱកាសទាញយកភាពចំណេញនយោបាយពីការផ្សាយព័ត៌មានមិនពិតនេះ ប្រើសម្តីវាយប្រហារ ដាក់មកលើរាជរដ្ឋាភិបាលកម្ពុជាផងទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានការផ្សាយមួយចំនួនជាពិសេសមកពីក្រៅប្រទេស បាននិយាយមួលបង្កាច់លាបពណ៌ដាក់មកលើកម្ពុជាថា បណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់។ ក្រសួងមហាផ្ទៃ បានថ្កោលទោសចំពោះការផ្សាយព័ត៌មានដែលខុសវិជ្ជាជីវៈទាំងនោះ ដោយចាត់ទុកថាជាការផ្សាយគ្មានប្រភពច្បាស់ការ ឬផ្សាយយកពីក្រុម MMO ដែលជាក្រុមបង្កើតមាតិកាដើម្បីរកលុយតាមប្រព័ន្ធអ៊ិនថឺណិត ជាមួយនឹងការយករូបភាពចាស់ៗដែលសមត្ថកិច្ច កម្ពុជាធ្លាប់ចុះបង្ក្រាបកន្លងមក ដោយផ្គុំបញ្ចូលគ្នារួចអត្ថាធិប្បាយបំផ្លើសពីការពិត ហាក់បីដូចជាគម្រោងផែនការទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជា លើឆាកអន្តរជាតិ។
វេលាថ្មីៗចុងក្រោយនេះទៀត ក៏មានការផ្សាយពាណិជ្ជកម្មមួយដោយក្រុម MMO នៅក្នុងប្រទេសឥណ្ឌាថែមទៀត ដែលការផ្សាយមិនពិតនោះ បាននិយាយបូកបញ្ចូលទាំងកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសឡាវ ថាការរកការងារក្នុងប្រទេសទាំងបីនោះ គឺជាការងារក្លែងក្លាយទាំងអស់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ KBS របស់កូរ៉េខាងត្បូង Korean Broadcasting System ការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា នៅក្នុងទីតាំង Mango Compound នៅខេត្តកំពង់ស្ពឺ គឺជាការបង្ក្រាបមួយដែលមានកិច្ចសហការពីស្ថានទូតកូរ៉េខាងត្បូង។ តាមពិតការផ្សាយរឿងរបស់ KBS News នេះគឺពុំមែនជារឿងដែលកើតឡើងថ្មីនោះដែរ។ រឿងនោះ បានកើតឡើងប៉ុន្មានខែរួចមកហើយ ខណៈដែល អាជ្ញាធរនៃប្រទេសកម្ពុជា ធ្លាប់បានចាត់វិធានការជាច្រើនរួចមកហើយ លើករណីបង្ក្រាបអំពើឧក្រិដ្ឋទាំងឡាយនេះ និងកំពុងអនុវត្តយន្តការដែលមានស្រាប់ជាបន្តបន្ទាប់ក្នុងក្របខណ្ឌ នៃការទប់ស្កាត់រាល់បទល្មើសនានាដែលអាចកើតមានឡើង។
ប៉ុន្តែខណៈការចាត់វិធានការបង្ក្រាបលើទីតាំងសង្ស័យមួយក្នុងខេត្តកំពង់ស្ពឺ ជាមួយនឹងកិច្ចសហការពីស្ថានទូតកូរ៉េខាងត្បូងទៀតនោះ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានព្យាយាមទាញរកការកេងចំណេញនយោបាយពីការផ្សព្វផ្សាយនៃប្រព័ន្ធឃោសនាមួយចំនួនដែលមិនយល់នូវ «សារបាន» នៃសាច់រឿងនោះ បង្កឱ្យមានការភាន់ច្រឡំពីសាធារណមតិ។
មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលក្នុងជីវិតធ្វើនយោបាយរបស់គាត់ មិនដែលបានធ្វើអ្វីជាប្រយោជន៍ចំពោះជាតិសោះនោះ ក្រៅតែពីសម្តីជំរុញឱ្យមានអំពើញុះញង់ ការធ្វើឱ្យមានការប្រឈមមុខខ្មែរនិងខ្មែរឈ្លោះគ្នា និងការនិយាយអាក្រក់អំពីជាតិសាសន៍ខ្លួនឯង បានដុតបញ្ឆេះករណីរឿងបង្ក្រាបនៅក្នុងខេត្តកំពង់ស្ពឺនោះ ដោយសារតែចង់ឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមិនហ៊ានមកលេងប្រទេសកម្ពុជា ដោយការនិយាយបំភិតបំភ័យឱ្យគេខ្លាចនឹងអំពើឧក្រិដ្ឋ និងចោទថាស្រុកខ្មែរជាស្រុកអសន្តិសុខថែមទៀត។
ការបង្កើតព័ត៌មានមិនពិតនិយាយអាក្រក់អំពីជាតិសាសន៍ខ្មែរ គឺជាសារជាតិរបស់ សម រង្ស៊ី ដែលកំពុងតែញុះញង់ឱ្យបក្ខពួករបស់ខ្លួនបង្កើតនូវ«ចលនាតស៊ូ»មួយ ដែលមិនខុសពីក្រុមបង្កភេរវកម្ម ចង់ធ្វើឱ្យជាតិសាសន៍ខ្មែរធ្លាក់ក្នុងមហន្តរាយសង្គ្រាមស៊ីវិលនោះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ករណីនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានេះទេ បណ្តាប្រទេសដទៃក៏មានករណីទាំងនេះកើតឡើងផងដែរ។ សេចក្តីប្រកាសបន្តថា «ដូចបណ្តារដ្ឋដទៃទៀតដែលកើតមានករណីទាំងនេះ ក្រសួងមហាផ្ទៃមានឆន្ទៈ មុតមាំក្នុងការសហការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់អំពើខុសច្បាប់ផ្សេងៗពាក់ព័ន្ធនឹង Call Center ដែលជាបទល្មើសសកល។
សេចក្តីប្រកាសដដែលនិយាយថា កម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបករណីមិនប្រក្រតីតាមប្រព័ន្ធ Call Center កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងបានចុះស្រាវជ្រាវបង្ក្រាបករណីជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រាជធានីភ្នំពេញ កោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀងជាដើម។ ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្តថា អំពើខុសច្បាប់ពាក់ព័ន្ធនឹង Call Center នេះ គឺជាបទល្មើសសកលកើតឡើងតាមបណ្តារដ្ឋជុំវិញពិភពលោក ដែលត្រូវរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាប។
ក្រសួងមហាផ្ទៃ បានលើកឡើងអំពីការធ្លាប់អនុវត្តជាក់ស្តែង ដោយស្ថានទូតនៃសាមីជនបរទេសតែងសហការ ជាមួយរដ្ឋដែលមានករណីកើតឡើង។ ក្នុងនោះកម្ពុជា ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពជាមួយបណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងបណ្តារដ្ឋដទៃទៀតផងដែរ។
ក្រសួងមហាផ្ទៃបានធ្វើការកត់សម្គាល់ថា រាល់ពាក្យប្តឹងរបស់សាមីខ្លួន ភាគច្រើននៅពេលសមត្ថកិច្ច ចុះស្រាវជ្រាវ គេពុំបានរកឃើញដូចកម្មវត្ថុបណ្ដឹងឡើយ តែភាគច្រើនជាករណីរដ្ឋប្បវេណី ទំនាស់កិច្ចសន្យា លក្ខខណ្ឌការងារ ទំនាស់បុគ្គល ឯកជន និងជាលេសដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើតវិញជាដើមតែប៉ុណ្ណោះ។
ក្រសួងមហាផ្ទៃ បានអំពាវនាវសាធារណជន កុំលង់ជឿ និងផ្សព្វផ្សាយបន្ត និងបានព្រមានអង្គភាពសារព័ត៌មាន គប្បីគោរពឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ក្រសួងមហាផ្ទៃ បានព្រមានក្រុម MMOថា កុំធ្វើអ្វីតែដើម្បីផលប្រយោជន៍ខ្លួន បង្កឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់រដ្ឋអធិបតេយ្យ។ ត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងកម្ពុជាប្រើសិទ្ធិស្វ័យការពារតាមច្បាប់ជាធរមាន។
នៅលើសកលលោកនេះ គឺគ្មានប្រទេសណាមួយដែលល្អឥតខ្ចោះនោះទេ។ ប្រទេសបារាំងក្តី សហរដ្ឋអាមេរិកក្តី និងប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យដ៏ល្អបរិសុទ្ធយ៉ាងណាក្តី ក៏ជាប្រទេសដែលតែងមានអំពើឧក្រិដ្ឋកើតឡើងដែរ។ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាថា នឹងមិនអត់ឱនចំពោះអំពើឧក្រិដ្ឋណាមួយ ដែលកើតឡើង នៅក្នុងប្រទេសកម្ពុជាឡើយ ហើយកម្ពុជាក៏នឹងមិនអត់ឱនឱ្យក្រុមជ្រុលនិយម ដែលនិយាយ មួលបង្កាច់នូវកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីសេចក្តីសុខ ការពារសន្តិភាព និងនាំប្រទេសកម្ពុជា ឈានសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ស្របតាមរបត់យុទ្ធសាស្ត្របញ្ចកោណ។ រាជរដ្ឋាភិបាលកម្ពុជាបន្តវេនពីរៀមច្បងរបស់ខ្លួន បានបញ្ជាក់ការប្តេជ្ញា មិនឱ្យប្រទេសកម្ពុជារបស់ខ្លួន ជាទឹកដីប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនឡើយ៕