(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្នុងវគ្គបណ្ដុះបណ្ដាល «Improvement of Incident Response Capability Through Cyber Exercise » នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រី បុគ្គលិក និងតំណាងថ្នាក់ដឹកនាំមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ និងគ្រឹះស្ថានវិស័យហិរញ្ញវត្ថុសរុបចំនួនប្រមាណ ៦៥រូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណបងដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមទាំងអស់តាមរយៈ ការរៀបចំលំហាត់សមឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រពាក់ព័ន្ធនឹងការបែកធ្លាយទិន្នន័យស្ថាប័ន (data breach) ការឆ្លងមេរោគចាប់ជំរិត (ransomware) និងការជ្រៀតចូលប្រព័ន្ធរបស់ស្ថាប័នតាមរយៈការវាយប្រហារលើខ្សែសង្វាក់អភិវឌ្ឍកម្មវិធី (supply chain attack)។
ការចូលរួមហាត់សមក្នុងលំហាត់ថ្ងៃនេះ សិក្ខាកាមអាចស្វែងយល់អំពីសមត្ថភាពរបស់ខ្លួន បង្កើនទំនាក់ទំនងនិងសហការគ្នា ធ្វើឱ្យប្រសើរឡើងនូវការសម្រេចចិត្ត និងសកម្មភាពមួយចំនួនផ្សេងទៀត ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រ ដែលអាចកើតមានឡើងក្នុងស្ថាប័ន។
វគ្គបណ្ដុះបណ្ដាលនេះ ស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា៕