(ភ្នំពេញ)៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ» នៅប្រទេសសិង្ហបុរី។
ការចូលរួមក្នុងបេសកកម្មផ្លូវការនេះ គឺបង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែនដូចជា៖ ការសំអាតប្រាក់ ការឆបោកនិងហិរញ្ញប្បទានភេរវកម្ម។ គណៈប្រតិភូប្រទេសកម្ពុជា ដែលមានសមាសភាព៖ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និងមន្ត្រីជំនាញនឹងចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ក្នុងគោលបំណង ពង្រឹង និងពង្រីកសមត្ថភាពរបស់ព្រះរាជអាជ្ញា និងស្វែងរកដំណោះស្រាយក្នុងក្របខណ្ឌច្បាប់ដើម្បីប្រឆាំងនឹងហានិភ័យ និងការគម្រាមកំហែងនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងនឹងវិវត្តន៍ទៅមុខឥតឈប់ឈរ។
ស្របជាមួយដំណើរបេសកកម្មផ្លូវការនេះ លោកស្រី ជា លាង បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការឆ្លងដែន។
លោកស្រីបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការចោទប្រកាន់លើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និងធានានូវនីតិរដ្ឋ»។
លោកស្រី ជា លាង នឹងចូលរួមធ្វើបទអន្តរាគមន៍គន្លឹះក្នុងសន្និសីទនេះ ដោយធ្វើការចែករំលែកចំណុចសំខាន់ៗដូចជា៖ភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ការបន្តកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តច្បាប់-ព្រះរាជអាជ្ញា ការចែករំលែកព័ត៌មាន ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ រួមនឹងបទពិសោធន៍របស់កម្ពុជាក្នុងការសម្រេចបាននូវលទ្ធផលជាវិជ្ជមានក្នុងការឈានចេញពីបញ្ជីប្រផេះលើបញ្ហាសំអាតប្រាក់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។
ចុងបញ្ចប់នៃសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ អគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន នឹងចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលជាឧបករណ៍គតិយុត្តកម្រិតតំបន់មួយដែលដើរតួរ ជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងតំបន់ ឈានឆ្ពោះទៅដល់ការជំរុញ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលធានាបាននូវសុខុដុមរមណីយកម្មរបស់ប្រជាជនក្នុងតំបន់ និងប្រព័ន្ធហិរញ្ញវត្ថុមួយដែលសុចរិត និងទទួលបានការជឿជាក់ខ្ពស់បំផុត៕