(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកម្ពុជា ណែនាំដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថមភាពជាប្រចាំ ក្នុងការអភិវឌ្ឍចំណេះជំនាញ ឱ្យមានគុណភាព ក្នុងការផ្ដល់សេវាថែទាំ ព្យាបាល ពិសេសវិធីសង្គ្រោះមាតា ឬទារក ដើម្បីចូលរួមពន្លឿនក្នុងការកាត់បន្ថយអត្រាមរណៈភាព មាតា និងទារក នៅកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញជាអធិតីភាព បើកសិក្ខាសាលានៅថ្ងៃទី១ ក្រោមប្រធានបទ «START4NEWBORN ការសង្គ្រោះទារកទើបនឹងកើត» និងសន្និសីទសមាគមគូ្រពេទ្យទារកកម្ពុជាលើកទី៧ ក្រោមប្រធានបទ «Antenatal And Perinatal Update ដើម្បីចូលរួមពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក»។
ពិធីនេះបានធ្វើឡើងរយៈពេល២ថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានគណៈគ្រូពេទ្យកម្ពុជា ប្រធានគណៈឆ្មប គណៈគិលានុបដ្ឋាកមន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិ សរុបចូលផ្ទាល់ចំនួន ៣០៦រូប និងតាមប្រព័ន្ធ Zoom ចំនួន២,២៣០រូប។
លោកស្រីរដ្ឋលេខាធិការបានថ្លែងថា សន្និសីទ និងសិក្ខាសាលានេះ រៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹងថ្មីបន្ថែមដល់មន្ត្រីសុខាភិបាល ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបពីការថែទាំ និងព្យាបាលម្តាយ ទារកទើបកើត និងកុមារ ដូចជាទារកក្រោយសម្រាល ការតាមដានការលូតលាស់មិនប្រក្រតីរបស់ទារកក្នុងផ្ទៃ ការពិនិត្យស្វែងរកជំងឺពីកំណើតដោយការជុះកែងជើងទារក ជំងឺកាមរោគ និងបទពិសោធន៍ផ្សេងៗទៀត ដែលមានការចែករំលែកពីវាគ្មិនជាតិ និងអន្តរជាតិ និងជាការពង្រឹងបន្ថែមនូវគុណភាពសេវាពិនិត្យផ្ទៃពោះមុនសម្រាល អប់រំសុខភាព ការថែទាំសុខភាពអំឡុងពេលមានផ្ទៃពោះ សញ្ញាគ្រោះថ្នាក់នានា ដែលតម្រូវឱ្យគាត់ត្រឡប់មកពិគ្រោះជាមួយគូ្រពេទ្យវិញ និងពន្យល់ពីសារៈសំខាន់នៃការមកពិនិត្យផ្ទៃពោះមុនសម្រាល ដោយសម្ដែងនូវភាពរស់រាយរាក់ទាក់ បង្កើតភាពស្និទស្នាលជាមួយអ្នកជំងឺ ឱ្យបានកាន់តែល្អប្រសើរ។
លោកស្រីសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពមាតា និងទារកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមរបាយការណ៍សូចនករស្នូលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឱ្យឃើញថា អត្រាមរណភាពទារកនៅប្រទេសកម្ពុជាមានការថយចុះគួឱ្យកត់សំគាល់ពី ៣៧នាក់ ក្នុងចំណោម ១០០០កំណើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១០០០ កំណើតរស់ក្នុងឆ្នាំ ២០២១-២០២២។
អត្រាមរណភាពមាតា បានថយចុះពី១៧០ ក្នុង១សែនកំណើតរស់នៅឆ្នាំ២០១៤ មកនៅ១៥៤ ក្នុង១សែនកំណើតរស់ឆ្នាំ២០២១។ អត្រាមរណភាពកុមារក្រោម៥ឆ្នាំ ចុះពី៣៥ ក្នុង១ពាន់កំណើតរស់ឆ្នាំ២០១៤ មកនៅ១៦នាក់ ក្នុង១ពាន់នាក់នៅឆ្នាំ២០២១។ អត្រាស្ត្រីមានផ្ទៃពោះមកទទួលពិនិត្យលើកទីមួយបាន ៩៩% អត្រាពិនិត្យផ្ទៃពោះលើកទីបួនបាន ៨៦% អត្រាពិនិត្យ
ក្រោយសម្រាលមាន ៨៥% សម្រាលកូនដោយឆ្មបជំនាញ ៩៩% និងសម្រាលកូននៅមូលដ្ឋានសុខាភិបាលមាន៩៧%។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន និងបន្តមករាជរដ្ឋាភិបាលនិតិកាលទី ៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
លោកស្រីរដ្ឋលេខាធិការបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានជាពិសេសនៅតំបន់ជនបទ ដែលលទ្ធភាពទទួលបានការថែទាំ គុណភាពអាចមានកម្រិត។ កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការថែទាំមាតា និងទារកគឺមានសារៈសំខាន់ណាស់ សម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាក់ទងនឹងសុខភាពមាតា និងទារក។ វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដូចជាការថែទាំសុខភាព បឋមសម្រាប់ ការថែទាំមាតា និងទារក រួមមានសេវាដូចជា ការថែទាំមុនពេលសម្រាល ការថែទាំ ក្រោយសម្រាល ការធ្វើផែនការគ្រួសារ និងការចាក់វ៉ាក់សាំង។ សេវាទាំងនេះមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សុខភាព និងសុខុមាលភាពទាំងម្តាយ និងទារក ទើបនឹងកើត កាត់បន្ថយហានិភ័យនៃផលវិបាកអំឡុងពេលមានផ្ទៃពោះ និងការសម្រាលកូន។
កម្មវិធីបុគ្គលិកសុខភាពសហគមន៍ បានបង្ហាញពីការតាំងចិត្តក្នុងការកាត់បន្ថយគម្លាតនៅតំបន់ជនបទ។ ការវិនិយោគបន្តនៅក្នុងគំនិតផ្ដួចផ្ដើមទាំងនេះគឺចាំបាច់ដើម្បីធានាឱ្យមានលទ្ធភាពទទួលបានការថែទាំសុខភាពដោយសមធម៌សម្រាប់ស្ត្រី និងទារកទើបនឹងកើតទាំងអស់នៅកម្ពុជា ដើម្បីបង្កើនគុណភាពព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារកឲ្យបានកាន់តែប្រសើរ។
សមាគមគ្រូពេទ្យទារកកម្ពុជា បានឈានមុខក្នុងការប្រឹងប្រែងចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការបង្ការការសម្រាលមុនខែ ការថែទាំ ព្យាបាលទារកមិនគ្រប់ខែ ការសង្គ្រោះទារកចុះខ្សោយជុំវិញកំណើត អាហារូបត្ថម្ភទារក ការថែទាំសុខភាពទារកជុំវិញកំណើត ស្ត្រីមានផ្ទៃពោះដែលមានការប្រឈមខ្ពស់ ជំងឺផ្លូវដង្ហើមស្រួចស្រាវលើទារកទើបនឹងកើត និងការប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមលើទារកទើបនឹងកើត។
ក្រៅពីនេះសមាគមគ្រូពេទ្យទារកកម្ពុជាក៏បង្កើតបាន គោលការណ៍ព្យាបាលស្តីពី Preterm Nutrition និងបានបង្កើត Leaflet ការថែទាំទារកតាមរបៀបម្តាយកង់ហ្គូរ៉ូ អាហាររូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ ទី២និងទី៣ និងវិធីយកនិងថែរក្សាទឹកដោះម្តាយជាដើម។ ក្នុងឆ្នាំ២០២៤ នេះសមាគមគ្រូពេទ្យទារកកម្ពុជាក៏បានរៀបចំសិក្ខាសាលា ស្ដីពី «កម្មវិធី START4NEWBORN ការសង្គ្រោះទារកទើបនឹងកើត» បានចំនួន២លើកផងដែរ។នេះតាមការបញ្ជាក់បន្ថែមរបស់លោកស្រីសាស្ដ្រាចារ្យ។
លើសពីនោះសមាគមគ្រូពេទ្យទារកកម្ពុជា នឹងបន្តសហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត ការអនុវត្តផ្អែកលើភ័ស្តុតាងសម្រាប់ការថែទាំមាតា និងទារកការរួមបញ្ចូលនូវ
ភស្តុតាងស្រាវជ្រាវថ្មីៗជាមួយនឹងអ្នកជំនាញផ្នែកព្យាបាល និងតម្លៃអ្នកជំងឺ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយសមត្ថភាពខ្ពស់។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រនេះ មន្ត្រីសុខាភិបាល ដែលជាអ្នកផ្ដល់សេវាថែទាំសុខភាពអាចធានាថាម្ដាយ និងទារកទើបនឹងកើត ទទួលបានការថែទាំងប្រកបដោយប្រសិទ្ធភាព និងទាន់សម័យបំផុត។
ទន្ទឹមនឹងនេះលោកស្រីសាស្រ្តាចារ្យ ក៏បានផ្តល់អនុសាសន៍ជូនអង្គពិធីទាំងមូលជាពិសេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជា៖ ១)រៀបចំពិនិត្យមើលសម្ភារចាំបាច់សម្រាប់ជួយសង្រោ្គះទារក, ២) រៀបចំបណ្តុះបណ្តាលពីជំនាញសង្រ្គោះទារកដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាក ដើម្បីធានាថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់មាតា ទារក និងកុមារ និង៣) ថ្នាក់ក្រោមជាតិមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យឯកជន សូមធ្វើការបញ្ជូនស្ត្រីមានផ្ទៃពោះមានបញ្ហាប្រឈម និងទារក ដែលមានបញ្ហាសុខភាពឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕