(កំពង់ធំ)៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ ប្រធានកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ។
លោក ឡាយ ស៊ីលី និងលោក សាយ គឹមឡម បានសម្តែងនូវសមានចិត្តសោកស្ដាយ សោកសង្រេង អាឡោះអាល័យជាទីបំផុត ចំពោះ ឯកឧត្តម ជា ចាន់តូ ដែលជាចាស់ព្រឹទ្ធាចារ្យ ជាឥស្សរជន និងជាធនធានមនុស្សដ៏ល្អរបស់ធនាគារជាតិ និងព្រះរាជាណាចក្រកម្ពុជា។ មរណភាពរបស់លោក គឺជាការបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយ ឆន្ទៈ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុជាតិ ហើយបានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។
លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកនិងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង សូមបួងសួងដួងវិញ្ញាណក្ខ័ន្ធឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ៕