(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសសមាគមសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជានិងសមាគមគិលានុបដ្ឋាកឯកទេសសណ្ដំ និងប្រពោធនកម្មកម្ពុជា ត្រូវតែបង្កើនសមត្ថភាពជារៀងរហូត ដោយជំនាញនេះមានការវិវឌ្ឍន៍រហូតទាំងបច្ចេកវិទ្យា និងសម្ភារៈ ដែលទាមទារឱ្យយើងត្រូវតែដើរទាន់ក្នុងសម័យឌីជីថលនេះ។
ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ឡឹម តារា ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទប្រចាំឆ្នាំលើកទី២៨ របស់សមាគមសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងសមាគមគិលានុបដ្ឋាកឯកទេសសណ្ដំ និងប្រពោធនកម្មកម្ពុជា ក្រោមប្រធានបទ «គ្រប់គ្នា អាចសង្គ្រោះជីវិត Everyone Can Save A Life» នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
លោកសាស្ដ្រាចារ្យ ឡឹម តារា បានថ្លែងបន្ដទៀតថា «មុខវិជ្ជាជីវៈរបស់បងប្អូនជាគ្រូពេទ្យ ជាគិលានុបដ្ឋាកឯកទេសសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់នេះ ជាមុខវិជ្ជាមួយដែលមានគុណតម្លៃខ្ពស់ណាស់ ហើយកិច្ចការងារមួយនេះ ធ្វើទៅគឺឃើញលទ្ធផលជាក់ស្ដែងតែម្ដង ជាពិសេសគឺអ្នកជំងឺដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរ ត្រូវការសង្គ្រោះបន្ទាន់ ដូច្នេះការងារយើងត្រូវមានសមត្ថភាពគ្រប់គ្រាន់ ច្បាស់លាស់ ដែលអាចជួយសង្គ្រោះអ្នកជំងឺរៀបនឹងស្លាប់ ឱ្យរស់ឡើងវិញ។ដូច្នេះចំពោះមុខនេះ យើងត្រូវតែបង្កើនសមត្ថភាពជារៀងរហូត»។
ជាមួយគ្នានេះលោកសាស្ដ្រាចារ្យ បានផ្ដល់អនុសាសន៍គន្លឹះបន្ថែមចំនួន ៥ ដល់សមាគមទាំងពីរបានកំពុងអនុវត្ត និងត្រូវបន្តអនុវត្តក្នុងទិសដៅលើកស្ទួយ និងអភិវឌ្ឍន៍លើមុខជំនាញទាំងបីនេះ ដោយស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖
១៖ បន្តបណ្ដុះបណ្ដាល និងអភិវឌ្ឍចំណេះជំនាញ ទាំងជំនាញរឹង និងជំនាញទន់ក្នុងការអនុវត្តន៍កិច្ចការងារព្យាបាលនិងថែទាំដោយផ្តោតលើអ្នកជំងឺ។
២៖អនុវត្តន៍ការងារបម្រើសេវាសុខភាពប្រជាជនប្រកបដោយក្រមសីលធម៌វិជ្ជាជីវះ គុណធម៌និងទំនួលខុសត្រូវខ្ពស់។
៣៖ ភាពជាអ្នកដឹកនាំក្នុងកិច្ចថែទាំ និងព្យាបាលអ្នកជំងឺ។
៤៖ បង្កើនកិច្ចសហការអន្តរជំនាញពាក់ព័ន្ធ ដើម្បីចូលរួមក្នុងបង្កើតផែនការព្យាបាល និងថែទាំអ្នកជំងឺ ជាពិសេសករណីស្មុគស្មាញ។
៥៖ លើកកម្ពស់វិធានការសុវត្ថិភាព ពិធីសារស្ដង់ដារនៃការព្យាបាល ដែលកាត់បន្ថយហានិភ័យនិងផលវិបាកនៃជំងឺនីមួយៗ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃការព្យាបាល។
ក្នុងនោះលោកសាស្ត្រាចារ្យរដ្ឋលេខាធិកា ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល សមាជិក និងសមាជិការទាំងអស់របស់សមាគម ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទនេះជារៀងរាល់ឆ្នាំ ដោយមានការសាមគ្គីភាពគ្នាល្អ។ ព្រមជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្ដដល់សមាគមខាងលើនេះ បន្ដរួបរួមគ្នាធ្វើកិច្ចការងារ បង្កើតនូវចំណេះដឹងថ្មីៗជូនដល់សមាជិក បង្កើននូវកិច្ចសហប្រតិបត្ដិការអន្ដរជាតិ ដើម្បីនាំនូវការបណ្ដុះបណ្ដាលបន្ថែម ព្រោះថាការបណ្ដុះបណ្ដាលបន្ដធនធានមនុស្សនេះ គឺមានសារៈសំខាន់ណាស់ ហើយចំពោះអ្នកចេះច្រើន ត្រូវតែបង្រៀនអ្នកចេះតិច។
សូមជម្រាបថាក្នុងពិធីនេះ លោកសាស្រ្តាចារ្យបានផ្ដល់កិត្តិយស ចែកម៉ាស៊ីន Capnography ចំនួន១៣គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកចំនួន ១៣ស្ថាប័នរួមមាន មន្ទីរពេទ្យបង្អែកខេត្តតាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ព្រៃវែង ស្ទឹងត្រែង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ ស្រុកអង្គជុំ និងស្រុកពួកនៃខេត្តសៀមរាប។
ម៉ាស៊ីន Capnographyទាំងនេះ ជាជំនួយរបស់មូនិធិ Lifebox Foundation តាមរយៈសមាគមសណ្ដំ ប្រពោធនកម្ម សង្រ្គោះបន្ទាន់កម្ពុជា និងក្រោមការគាំទ្រដោយក្រសួងសុខាភិបាល ដើម្បីផ្ដល់ជូនចំពោះមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត និងស្រុក CPA3 CPA2។ ឧបករណ៍មួយនេះ ជាឧបករណ៍សម្រាប់តាមដានអ្នកជំងឺអំឡុងពេលដាក់ថ្នាំសណ្ដំក្នុងការវះកាត់។
គូសបញ្ជាក់ផងដែរថា សន្និសីទប្រចាំឆ្នាំលើកទី២៨ បានរៀបចំឡើងក្នុងគោលបំណង៖
១៖ បង្កើនចំណេះដឹង និងជំនាញផ្នែកគ្លីនិក៖ ធ្វើបច្ចុប្បន្នភាពអំពីការអនុវត្តព្យាបាលដោយផ្អែកលើភស្តុតាង បច្ចេកទេសព្យាបាល និងការរីកចម្រើនថ្មីៗក្នុងវិស័យវេជ្ជសាស្រ្តនៃឯកទេសសណ្ដំ
ប្រពោធនកម្ម សង្រ្គោះបន្ទាន់ និងការថែទាំអ្នកជំងឺ។
២៖ លើកកម្ពស់កិច្ចសហការជាតិ និងអន្តរជាតិ៖ លើកកម្ពស់កិច្ចសហការរវាងវេជ្ជបណ្ឌិត គិលានុបដ្ឋាក ជាតិ និងអន្តរជាតិដើម្បីចែករំលែកបទពិសោធន៍ការងារ ករណីជោគជ័យ និងនវានុវត្តន៍វេជ្ជសាស្ត្រក្នុង
យុគសម័យបច្ចេកវិទ្យា។
៣៖ អភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងស្ថានភាពប្រឈមធ្ងន់ធ្ងរ៖ ផ្ដល់ការបណ្តុះបណ្តាលបន្តដោយផ្ទាល់ និងការបង្ហាត់ករណីស្មុគស្មាញ ដើម្បីគ្រប់គ្រងករណីបន្ទាន់ ព្យាបាលសង្គ្រោះជីវិត និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព៕