(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នារាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានរៀបចំ «កម្មវិធីរាត្រីអបអសាទរធុរកិច្ចកម្ពុជា» (Cambodia Business Appreciation Night on 26 October 2024) ដោយមានតំណាងស្ថាប័ន និងក្រុមហ៊ុនប្រមាណ៦០នាក់ មកពីសហគមន៍ធុរកិច្ចឥណ្ឌូនេស៊ី និងកម្ពុជា។ កម្មវិធីនេះ ធ្វើឡើងដើម្បីអបអរសាទរការទទួលពានរង្វាន់ Primaduta Award 2024 ដែលជាសមិទ្ធផលនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពានរង្វាន់ Primaduta គឺជាពានរង្វាន់ខ្ពស់បំផុត និងជាការទទួលស្គាល់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ចំពោះបេសកកម្មរបស់ឥណ្ឌូនេស៊ីនៅក្រៅប្រទេស និងក្រុមហ៊ុនបរទេសដែលគាំទ្រដល់ការនាំចេញផលិតផលឥណ្ឌូនេស៊ីជាប្រចាំ និងប្រកបដោយនិរន្តរភាព។ ពានរង្វាន់នេះគឺជាសមិទ្ធផលថ្មីមួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលមិនអាចសម្រេចបានដោយគ្មានការគាំទ្រពីសហគមន៍អាជីវកម្មនៃទាំងពីរប្រទេស។
ពានរង្វាន់ Primaduta Award 2024 ត្រូវបានប្រគល់ជូនដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Zulkifli Hasan នៅចំពោះមុខប្រធានាធិបតី Joko Widodo ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មលើកទី៣៩ របស់ប្រទេសឥណ្ឌូនេស៊ី(TEI 2024) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅឯ ICE BSD City, Tangerang ប្រទេសឥណ្ឌូនេស៊ី។
ថ្លែងនៅក្នុងពិធីបើក កម្មវិធីរាត្រីអបអសាទរធុរកិច្ចកម្ពុជា (Cambodia Business Appreciation Night) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto បានលើកឡើងថា៖ «ឆ្នាំនេះមានសារៈសំខាន់ជាពិសេស ដោយសារយើងទទួលបានកិត្តិយសមិនមែនទទួលបានពានរង្វាន់ចំនួនមួយឡើយ ប៉ុន្តែទទួលបានពានរង្វាន់ Primaduta ដ៏មានកិត្យានុភាពរហូតពីរឯណោះ»។
ដោយពានរង្វាន់ទីពីរ បានទៅលើក្រុមហ៊ុន Dynamic Argon Co. Ltd. ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ឥណ្ឌូនេស៊ី-កម្ពុជា ដែលត្រូវបានទទួលស្គាល់ក្នុងប្រភេទ «អ្នកផ្សព្វផ្សាយផលិតផលឥណ្ឌូនេស៊ី»។ ក្រុមហ៊ុន Dynamic Argon បានដើរតួយ៉ាងសំខាន់ក្នុងការនាំយកឱសថ និងផលិតផលរុក្ខជាតិរបស់ប្រទេសឥណ្ឌូនេស៊ីពីម៉ាកល្បីៗដូចជា Dexa Medica, Deltomed និង Ultra Sakti មកកាន់ទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០១៩ មក។
លោកឯកអគ្គរដ្ឋទូត Santo បានគូសបញ្ជាក់ថា៖ «សមិទ្ធផលរបស់ Dynamic Argon តំណាងឱ្យការកោតសរសើររបស់ប្រទេសឥណ្ឌូនេស៊ីចំពោះភាគីពាក់ព័ន្ធពាណិជ្ជកម្មរបស់ខ្លួន»។ លោកបានបន្ថែមថា «ក្នុងនាមជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ភាពជោគជ័យរបស់ Dynamic Argon ឆ្លុះបញ្ចាំងពីកិច្ចសហការដ៏សំខាន់រវាងធុរកិច្ចឥណ្ឌូនេស៊ី និងកម្ពុជា»។
នេះជាឆ្នាំទី២ជាប់គ្នា ដែលកម្ពុជាទទួលបានពានរង្វាន់ Primaduta។ កាលពីឆ្នាំមុន ក្រុមហ៊ុន Kabbas Co. Ltd. ជាក្រុមហ៊ុនកម្ពុជាបានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសដែលទទួលបានពានរង្វាន់ក្នុងប្រភេទ «អ្នកនាំចូលដែលមានប្រសិទ្ធភាពល្អបំផុត»។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ឥណ្ឌូណេស៊ីបានជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី៨ របស់កម្ពុជា ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិតខ្ពស់បំផុតជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ជាមួយការនាំចេញកើនឡើង៣៦% ពី ៥៣១.២លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ៧២៥.៦លានដុល្លារក្នុងឆ្នាំ២០២២ និងការកើនឡើង ១៧%បន្ថែមទៀតដល់ ៨៤៩.២លានដុល្លារក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី៕