(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយ លោក លោកស្រីនាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទ ជាច្រើន នាក់ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បានដង្ហែអង្គ កឋិន ទានទៅកាន់វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វត្តវាលុកថុល្លារាម ជាវត្តមួយស្ថិតនៅខេត្តកំពង់ឆ្នាំង ហើយកំពុងមានតម្រូវការចាំបាច់នូវបច្ច័យសម្រាប់សាងសង់សមិទ្ធផលនានាក្នុងវត្ត ដើម្បីបម្រើដល់ការគោរពប្រណិប័តន៍ របស់ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។ បច្ច័យកើតចេញពីសទ្ធាដ៏ជ្រះថ្លានៃអង្គកឋិន ផ្តួចផ្តើម ដោយនាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី ប្រមូលបច្ច័យបានមួយចំនួនធំ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញទឹកចិត្តសប្បាយរីករាយជាខ្លាំង ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពអាកាស និងពុទ្ធបរិស័ទ បានមូលចិត្តមូលគំនិតគ្នា ក្នុងការរៀបចំបុណ្យកឋិនទាននេះឡើង។
នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូលរួមបច្ច័យអង្គព្រះកឋិនទានពីសំណាក់អស់លោក លោកស្រីជានាយទាហាន នាយទាហានរង ពលទាហានកងទ័ពជើងអាកាស និងកងការពារអាកាស និងពុទ្ធបរិស័ទបានរួបរួមគ្នា ដង្ហែមកប្រគេនព្រះសង្ឃគង់នៅវត្តវាលុកថុល្លារាម។
សូមរំលឹកថា នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា តែងបានដឹកនាំនាយទាហាន និងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចូលរួមពិធីបុណ្យផ្កាសាមគ្គី ដង្ហែទៀនព្រះវស្សា ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗទៀត ដើម្បីប្រមូលបច្ច័យកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមទុកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធគោរពបូជា តាមគន្លងប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕