(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថារហូតមកដល់ពេលនេះ បើនិយាយអំពីជម្លោះក្នុងការប្រហារវាយសងសឹករបស់អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ដែលសាធារណៈមតិនានាលើពិភពលោក បានដាននិងដាក់ការព្រួយបារម្ភ មួយរយៈកន្លងមកនេះ គឺអ្វីៗមកដល់ថ្ងៃទី២៦ តុលា ឆ្នាំ២០២៤នេះ ច្បាស់ហើយ គឺចំពោះអ៊ីស្រាអែល បើកការវាយប្រហារដោយយន្ដហោះចម្បាំងប្រមាណ១០០គ្រឿងមានរយៈពេលប្រមាណ៣ម៉ោង ទៅលើគោលដៅយោធាក្នុងទីក្រុង Tehran នៃប្រទេសអ៊ីរ៉ង់"មុនបញ្ចប់នៅមុនពេលថ្ងៃរះ ដោយយោធាអ៊ីស្រាអែល ហៅថា "ការវាយប្រហារតាមគោលដៅ និងច្បាស់លាស់" ទៅលើរោងចក្រផលិតមីស៊ីលអ៊ីរ៉ង់ និងមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ នាពេលនេះ។
បើមើលអំពីរបៀបវាយប្រហារសងសឹករបស់អ៊ីស្រាអែលទាំងនេះ គឺគ្រាន់តែជាប្រភេទត្រូវបានរចនាឡើងជារបៀបសាហាវ ដើម្បីទប់ស្កាត់កុំឲ្យអ៊ីរ៉ង់វាយប្រហារសារជាថ្មីតែប៉ុណ្ណោះ។ ព្រោះអ៊ីស្រាអែលបានទម្លាក់ចោលការសម្រេចចិត្ដនូវគោលដៅនុយក្លេអ៊ែរ ឬហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ គឺជាគោលបំណងដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចៀសសង្គ្រាមក្នុងតំបន់ឲ្យកាន់តែទូលំទូលាយ។ ជាថ្នូរមកវិញ សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់តំបន់ ដើម្បីចូលរួមក្នុងការការពារដ៏មានសក្តានុពលរបស់អ៊ីស្រាអែល ប្រសិនបើអ៊ីរ៉ង់ឆ្លើយតប។
បើពោលឲ្យចំ ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអ៊ែល ដែលកម្រិតជាក់លាក់និងច្បាស់លាស់ទៅលើអ៊ីរ៉ង់នេះ ពុំមែនជាផ្លូវឆ្ពោះទៅរកសង្គ្រាមនោះទេ ប៉ុន្ដែការវាយប្រហាររបស់អ៊ីស្រាអែលទាំងនេះ មិនខុសពីការទាត់កំប៉ុងឲ្យធ្លាក់ចេញពីលើផ្លូវនោះទេ។ ជាទូទៅសហរដ្ឋអាមេរិកតែងតែប្រកែកក្ដែងៗ ថាខ្លួនពុំបានចូលរួមក្នុងការវាយប្រហារកាលពីយប់ថ្ងៃសៅទី២៦តុលានេះលើអ៊ីរ៉ង់ទេ ប៉ុន្តែឥទ្ធិពលរបស់ខ្លួនលើគោលដៅដែលអ៊ីស្រាអែលបានវាយប្រហារគឺច្បាស់លាស់!។
ទន្ទឹមនឹងនេះមានសំណួរបានលើកទ្បើងថា តើអ៊ីរ៉ង់នឹងធ្វើអ្វីទៀតបន្ទាប់ពីនេះ ?
លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា បើពិនិត្យអំពីវោហាសាស្រ្ដរវាងភាគីជម្លោះទាំងពីរនេះ យើងឃើញខាងភាគីអ៊ីរ៉ង់បាននិយាយយ៉ាងច្បាស់ៗថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានឆ្លើយតបដោយជោគជ័យនូវការវាយប្រហាររបស់អ៊ីស្រាអែលទៅលើគោលដៅយោធារបស់ខ្លួន បណ្តាលធ្វើឲ្យអ្នកស្លាប់២នាក់ "ការខូចខាតមានកំណត់" នៅកន្លែងខ្លះ។ បើយើងពិនិត្យមើលការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់អស់ទាំងនេះ គឺអ៊ីង់ បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខូចខាត ដោយធ្វើការបន្ទាបបន្ថោកទៅលើអ៊ីស្រាអែល ដើម្បីប្រកាសពីជ័យជម្នះលើអ៊ីស្រាអែល។
បានន័យថា ចំពោះការប្រកាសពីជោគជ័យរបស់អ៊ីរ៉ង់ គឺជាសញ្ញាចាប់ផ្តើមដ៏ល្អមួយ ដែលអ៊ីរ៉ង់កំពុងស្វែងរកច្រកចេញពីក្នុងស្ថានភាពចាញ់-ចាញ់ ។ ពីព្រោះអ៊ីរ៉ងបានប្រកាសសន្សារួចហើយថា អ៊ីរ៉ង់គ្មានបន្ទាត់ក្រហមទេ បើអ៊ីស្រាអែលវាយប្រហារនឹងត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ។
បើពោលឲ្យចំ អ៊ីរ៉ង់មិនចង់បន្តដំណើរទៅមុខ ហើយចង់ត្រឡប់ទៅសង្រ្គាមប្រូកស៊ីវិញ។ ជាក់ស្ដែង អ៊ីរ៉ង់ហាក់ដូចជាផ្តោតលើការគ្រប់គ្រងការខូចខាត និងការគ្រប់គ្រងរូបភាពជាជាងការសងសឹកទាំងស្រុង។ តាមរយៈអ៊ីរ៉ង់បានបើកជើងហោះហើរស៊ីវិលដំណើរការដូចធម្មតា ក្នុងន័យផ្ញើសារដល់ពិភពលោក ដើម្បីកាត់បន្ថយនូវការគណនានានា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងជៀសវាងការបង្កជម្លោះបន្ថែមទៀត។
ស្ថិតក្នុងកាលះទេសះនេះ អ៊ីរ៉ង់ ប្រហែលជាងាកមកអនុវត្ដនូវយុទ្ធសាស្ត្ររបស់ចិន ដែលតែងពោលថា បើចង់សងសឹកសត្រូវរបស់ខ្លួនរងចាំ៥០ឆ្នាំទៀត ក៏មិនហួសពេល គឺអ៊ីរ៉ង់ងាកមកយកចិត្ដទុកដាក់ឲ្យសកម្មថែមទៀត អំពីកម្មវិធីនុយក្លេអ៊ែរ ជាគោលដៅអាទិភាពរបស់ខ្លួន ដើម្បីក្លាយជាប្រទេសមហាអំណាចនុយក្លែអែលក្នុងតំបន់ ដើម្បីទប់ទល់អ៊ីស្រាអែល។ ហេតុនេះ ការអត់ធ្មត់របស់អ៊ីរ៉ង់នេះ អាចជាជម្រើសយុទ្ធសាស្ត្រ ដែលអនុញ្ញាតរក្សាជម្រើសនុយក្លេអ៊ែរបើកចំហ ខណៈពេលដែលកំពុងបន្ទាបបន្ថោកសមត្ថភាពយោធាភ្លាមៗរបស់អ៊ីស្រាអែល។
នេះជាបេសកកម្មការពារខ្លួនរបស់អ៊ីរ៉ង់ ដែលធ្វើឡើងដោយភាពជាក់លាក់ និងការអត់ធ្មត់។ បើងាកមកមើល អ៊ីស្រាអែលវិញ ហាក់មិនមានបំណងចង់ត្រឡប់ទៅរកការសងសឹកសារជាថ្មីម្ដងទៀតទេ នឹងក៏មិនចង់បន្ទាបបន្ថោកសមត្ថភាពសព្វាវុធរបស់អ៊ីរ៉ង់បន្ថែមទៀតដែរ។ ពីព្រោះពេលនេះ អ៊ីស្រាអែលត្រូវផ្តោតលើកម្លាំងកងទ័ព និងអាវុធយុទ្ធភណ្ឌរបស់ខ្លួន ដោយផ្ដោតលើការកម្ទេចក្រុមហាម៉ាស និងហេសបូឡា។
ដូច្នេះបច្ចុប្បន្ននេះចំពោះបញ្ហាដ៏ក្ដៅគគុកក្នុងយុគសម័យថ្មីនៅតំបន់មជ្ឃឹមបូព៌ា បើនិយាយអំពីស្រមោលឈានដល់ការផ្ទុះសង្រ្គាមពេញទូទាំងមជ្ឃឹមបូព៌ានោះ គឺស្រមោលរុញច្រានពួកអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ដល់ទីក្រុងពិសិដ្ឋមឹកកៈ -Meccaនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតឯណោះទៅវិញទេ គឺទាំងនេះ ជាបញ្ហាប្រឈមនិងការដោះស្រាយរបស់ពិភពលោកទាំងមូល៕