(ភ្នំពេញ)៖ វៀតណាមអ៊ែរឡាញ បានបើកជើងហោះហើរត្រង់ពីភ្នំពេញទៅហាណូយជាផ្លូវការ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។
បច្ចុប្បន្ន វៀតណាមអ៊ែរឡាញ គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ ដែលដំណើរការជើងហោះហើរត្រង់រវាងភ្នំពេញ និងហាណូយ។ ផ្លូវថ្មីនេះ នឹងរួមចំណែកសម្រេច បណ្តាញតភ្ជាប់ និងបណ្តាញពាណិជ្ជកម្ម រវាងវៀតណាម និងកម្ពុជា។
ជើងហោះហើរដំបូងលេខ VN922 បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង០៨៖០០យប់ ថ្ងៃទី២៧ ខែតុលា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅម៉ោង៩៖៥៥យប់ថ្ងៃដដែល។ ពេលវេលាហោះហើរមិនឈប់ គឺត្រឹមតែ១ម៉ោង៥៥នាទីប៉ុណ្ណោះ។
ពីមុន អ្នកដំណើរដែលចង់ហោះហើរពីហាណូយទៅភ្នំពេញ ត្រូវឆ្លងកាត់នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តាមផ្លូវហោះហើរឆ្លងកាត់ឥណ្ឌូចិន របស់ក្រុមហ៊ុនអាកាសចរណ៍។
ផ្លូវហោះហើរត្រង់ថ្មីនេះ មិនត្រឹមតែកាត់បន្ថយពេលវេលា ធ្វើដំណើររវាងរាជធានីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានអាកាសដ៏សំខាន់មួយ ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងវៀតណាមផងដែរ។
យោងតាមផែនការ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងដំណើរការផ្លូវនេះ ៤ជើងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះទំនើប Airbus A321។
ផ្លូវថ្មីនេះ បង្កើនចំនួនផ្លូវសរុបរវាងប្រទេសវៀតណាម និងកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដល់ទៅ៥ផ្លូវ ក្នុងនោះមានផ្លូវផ្ទាល់ចំនួន ៤៖ ហាណូយ/ហូជីមិញ ទៅកាន់ទីក្រុងភ្នំពេញ។ ទីក្រុងហាណូយ/ហូជីមិញ ទៅខេត្តសៀមរាប និងជើងហោះហើរឆ្លងកាត់ឥណ្ឌូចិន។ ចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរឡើងដល់ ៨៦ ក្នុងមួយសប្តាហ៍។
ជើងហោះហើររវាងកម្ពុជា និងវៀតណាម គឺជាជើងហោះហើរមួយ ក្នុងចំណោមផ្លូវហោះហើរដំបូងបង្អស់ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចាប់តាំងពីថ្ងៃដំបូងនៃការបង្កើតឡើងគឺជាង៣០ឆ្នាំមុន។
ក្នុងអំឡុងពេលនៃការបង្កើត និងអភិវឌ្ឍន៍ ការពង្រីកជើងហោះហើរទៅកាន់ប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងជិតស្និទ្ធរបស់វៀតណាម តែងតែជាទិសដៅយុទ្ធសាស្ត្រមួយ ក្នុងចំណោមទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម។
ដោយសារភាពញឹកញាប់នៃការហោះហើរខ្ពស់ និងពេលវេលាតភ្ជាប់ដ៏ងាយស្រួល ផ្លូវហោះហើររវាងប្រទេសកម្ពុជា និងវៀតណាម មានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ភ្ញៀវទេសចរ ដែលចង់បញ្ចូលគ្នានូវការរុករកប្រទេសវៀតណាម ជាមួយនឹងទិសដៅផ្សេងទៀតនៅក្នុងតំបន់ ដូចជាមកពីប្រទេសជប៉ុន និងកូរ៉េ អូស្ត្រាលី អាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានដឹកជញ្ជូនអ្នកដំណើរជិត៨.២លាននាក់ និងទំនិញ២៨.៤០០តោន នៅលើជើងហោះហើរជាង ៨១,០០០ជើងហោះហើររវាងប្រទេសវៀតណាម និងកម្ពុជា ក្នុងអំឡុងពេលបីទសវត្សរ៍កន្លងមកនេះ។
លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានចែករំលែកថា «ផ្លូវហោះហើរត្រង់រវាងរដ្ឋធានីទាំងពីរ នឹងរួមចំណែកបង្កើនបណ្តាញតភ្ជាប់ រវាងប្រទេសទាំងពីរ។ ក្រៅពីធ្វើជាស្ពានភូមិសាស្ត្រសម្រាប់អ្នកដំណើរ និងទំនិញ ផ្លូវហោះហើរត្រង់ក៏ជា «ឯកអគ្គរដ្ឋទូត» ដែលសកម្មជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ ជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
លោកបន្ដថា «ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមអ៊ែរឡាញ តែងតែធានានូវប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពមកកម្ពុជា ទន្ទឹមនឹងនោះ បន្តពង្រីកបណ្តាញហោះហើរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការប្រកួតប្រជែង និងគុណភាពសេវាកម្ម ដែលជាហេតុបំពេញតម្រូវការអតិថិជនក្នុងប្រទេសទាំងពីរបានល្អបំផុត»។
លោក Dang Ngoc Hoa បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ នឹងផ្តោតលើការលើកកម្ពស់តួនាទីរបស់ខ្លួនជា «ស្ពាន» ដើម្បីរួមចំណែកលើកកម្ពស់យ៉ាងទូលំទូលាយ សេដ្ឋកិច្ច-សង្គម-វប្បធម៌ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការ ជាអ្នកជិតខាងរវាងប្រទេសទាំងពីរ»។
ក្នុងឱកាសនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម សូមថ្លែងអំណរគុណដល់សមាជិក Lotusmiles ជាមួយនឹងប្រូម៉ូសិនដែលផ្តល់ពិន្ទុបន្ថែមទ្វេដងសម្រាប់អ្នកដំណើរដែលហោះហើរ Business Class, Economy Flex Class និង Economy Standard Class នៅលើជើងហោះហើររវាងភ្នំពេញ និងហាណូយ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការផ្តល់ជូនពិសេសនេះ អនុវត្តចំពោះអតិថិជនដែលទិញសំបុត្រចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានកាលបរិច្ឆេទធ្វើដំណើរចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤៕