(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Mohammed Said Khalfan Al Mamari រដ្ឋមន្ត្រីក្រសួងគរុភណ្ឌ និងកិច្ចការសាសនា នៃរដ្ឋអារ៉ាប់ស៊ុលតង់អូម៉ង់ ក្នុងរដ្ឋធានីមូស្កាត (Muscat) នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។
ជាកិច្ចចាប់ផ្តើមនៃជំនួប លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរអរគុណចំពោះដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្ត្រី ព្រមទាំងប្រតិភូ ទៅកាន់អូម៉ង់។ លោកបានថ្លែងថា នេះជាលើកទីមួយ ហើយដែលមន្ត្រីជាន់ខ្ពស់កម្ពុជា ទៅទស្សនកិច្ចនៅអូម៉ង់ ដែលជាការបើកផ្លូវក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា- អូម៉ង់ ឲ្យកាន់តែរឹងមាំបន្ថែទៀត។
លោកបញ្ជាក់ថា អូម៉ង់ជាប្រទេសដែលស្ថិតនៅតំបន់ឈូងសមុទ្រពែក្ស ហើយក៏ជារដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមាន៦ ប្រទេសដូចជា អូម៉ង់ អារ៉ាប់រួម បារ៉ែន អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងរដ្ឋគុយវ៉ែត។ អូម៉ង់ មានប្រជាជនជាង៣លាននាក់ និងមានផ្ទៃដីជាង៣០ម៉ឺនគីឡូម៉្រែត ព្រមទាំងមានជនបរទេសមកស្នាក់នៅ និងធ្វើការប្រមាណជាង២លាន៤សែននាក់ និងមានកម្មករជំនាញជាង៨០ភាគរយ ហើយជាប្រទេសដែលមានជីវភាពធូធារក្នុងចំណោមរដ្ឋសមាជិក GCC និងមានផលិតផលក្នុងស្រុកសរុប (GDP) ជាង២៣,០០០ដុល្លារ។
ជាការឆ្លើយតប លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណចំពោះការអញ្ជើញរបស់លោករដ្ឋមន្ត្រី ដែលបានអញ្ជើញលោក និងប្រតិភូមកទស្សនកិច្ចការងារ នៅអូម៉ង់ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែប្រសើរបន្ថែមទៀត។
លោកបណ្ឌិត បានថ្លែងបន្តថា នៅកម្ពុជាមានប្រជាជនចំនួនប្រមាណ១៧លាននាក់ ក្នុងនោះមានសាសនិកឥស្លាមប្រមាណ៥ ភាគរយ។ កម្ពុជាជាប្រទេសប្រកាន់យកសាសនា ព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋទូទៅ ដោយរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ ស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការរីកចម្រើនឥតឈប់ឈរ។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានរំលេចពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាម ក្នុងនោះ សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតួនាទី នៅតាមស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។
លោកបានរំលេចដែរថា អង្គការសហប្រតិបតិ្តការឥស្លាម(OIC) បានកោតសសើរកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមរមនា ផ្នែកជាតិសាសន៍ និងសាសនា ទោះបីកម្ពុជាមានចម្រុះជាតិសាសន៍ច្រើនក៏ដោយ។ ជាមួយគ្នាដែរ អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ក៏គ្រោងរៀបចំសន្និសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមរមនីយកម្មនៅកម្ពុជា នៅដើមឆ្នាំ២០២៥ ខាងមុខនេះផងដែរ ដើម្បីឱ្យតំណាងបណ្ដាសហគមន៍នៃបណ្ដាប្រទេសនានា ពិនិត្យយកបទពិសោធន៍ពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា។
លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូម៉ង់ ដែលកន្លងមកបានជួយសម្របសម្រួលដល់និស្សិតកម្ពុជា ដែលបានជាប់គាំងក្នុងបណ្ដាប្រទេសជិតខាងនៃប្រទេសអូម៉ង់ ដោយសារសង្គ្រាមឲ្យបានវិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព។ លោកថ្លែងអំណរអរគុណដល់សប្បុរសជនជាតិដើមអូម៉ង់ ដែលបានជួយសាងសង់វិហារឥស្លាមអន្តរជាតិអាល់សារកាលភ្នំពេញ និងការងារមនុស្សធម៌ផ្សេងៗមួយចំនួនទៀត។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញរដ្ឋមន្ត្រីក្រសួងគរុភណ្ឌ និងកិច្ចការសាសនានៃរដ្ឋអូម៉ង់ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីភាពសុខដុមនីយកម្ម និងស្វែងយល់ពីការរស់នៅ របស់ប្រជាជនចម្រុះជាតិសាសន៍នៅកម្ពុជា ព្រោះពួកគាត់រស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា និងគ្មានជម្លោះរវាងគ្នាឡើយ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកក៏បានថ្លែងថា នឹងបន្តជួយជ្រោមជ្រែង ទៅលើវិស័យ គរុភណ្ឌសាសនា មនុស្សធម៌ និងវិស័យអប់រំ ដល់សហគមន៍ឥស្លាមនៅកម្ពុជា និងពិនិត្យលទ្ធភាពមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខផងដែរ។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់ជំនួបខាងលើលោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានជួបប្រជុំជាមួយ នាយកដ្ឋានបច្ចេកទេសគ្រប់គ្រងគរុភណ្ឌ និងហ្សាកាត់ (ការបរិច្ចាគ) ដែលស្ថិតនៅក្រោមក្រសួងគរុភណ្ឌ និងកិច្ចការសាសនា។ ក្នុងឱកាសនោះ លោកបានស្តាប់ការធ្វើបទបង្ហាញពី របៀបគ្រប់គ្រងវិស័យគរុភណ្ឌ និងការបរិច្ចាគផងដែរ ដើម្បីសិក្សាស្វែងយល់ និងយកពិសោធន៍ទាក់ទងនឹងបញ្ហាទាំងនេះ មកអនុវត្តនៅក្នុងសហគមន៍ឥស្លាមកម្ពុជា។ ក្រុមជំនាញមន្ត្រីនាយកដ្ឋាន បានបង្ហាញការសប្បាយរីករាយ ក្នុងការសហការជាជួយកម្ពុជា លើផ្នែកបច្ចេកទេសគ្រប់គ្រងវិស័យគរុភណ្ឌ និងការបរិច្ចាគ៕