(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា គ្រូបង្រៀន គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
អភិបាលខេត្តបានបញ្ជាក់ទៀតថា ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងសាលារៀនដែលមានគ្រូបង្រៀន «គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ»។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសសិស្សឱ្យដើរទៅតាមផ្លូវត្រូវ។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលបានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន ដើម្បីប្រាប់អំពីព័ត៌មានដល់ ក្មួយៗសិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាលសិស្សថា ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ បានមកដល់ហើយ។
លោកអភិបាលខេត្ត បន្តថា ការកសាងវប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្ដុង្គឧត្ដមបំផុតរបស់បុគ្គលិកសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលគុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។
ក្នុងន័យនេះ លោក អ៊ុន ចាន់ដា សូមអំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សាឱ្យកាន់តែ មានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ៕