(ភ្នំពេញ)៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា បែបបទនីតិវិធី និងកាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ ដែលការដាក់ពាក្យសុំចុះឈ្មោះសម្រាប់សម្រាប់ការបោះឆ្នោតលើកទី១ «ការបោះឆ្នោតឡើងវិញ» ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥«ការបោះឆ្នោតឡើងវិញ» ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
លោកបានបន្តថា រីឯការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ចំពោះពាក្យសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬមកយកផ្ទាល់នៅទីស្ដីការ គ.ជ.ប ដោយឥតគិតថ្លៃ។
ការឱ្យដឹងបែបនេះរបស់លោក ជឺ ចំណាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ «ការបោះឆ្នោតឡើងវិញ» ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ អំពីការចុះឈ្មោះអ្នកសង្កេត-ការណ៍ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។
ដោយឡែកអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ, លោក ជឺ ចំណាន បានថ្លែងថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនេះ។ ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ក៏បានជម្រាបជូនលម្អិតអំពីលក្ខខណ្ឌ និងលក្ខណសម្បត្តិក្នុងការឈរឈ្មោះជាបេក្ខជន ភាពមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជន និងបែបបទនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
លោកថា ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ នគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រី បុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតឡើងវិញ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសទៅក្រសួង ស្ថាប័នសាមីយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។
ប្រសិនបើសាមីខ្លួនជាប់ឆ្នោត ហើយមានបំណងចង់បម្រើការងារជាសមាជិកក្រុមប្រឹក្សានោះសាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅក្រសួង ឬស្ថាប័នសាមី ដើម្បីទៅបម្រើការងារក្រៅក្របខណ្ឌដើម ក្នុងរយៈពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងរយៈពេលនេះ សាមីខ្លួនមានសិទ្ធិឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍។
អំពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ, លោក ជឺ ចំណាន បានបញ្ជាក់ថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ តាមទម្រង់បែបបទដែលកំណត់ដោយ គ.ជ.ប គឺ ទ.១០០៧ ។ គណបក្សនយោបាយដែលមានបំណងចុះឈ្មោះភ្នាក់ងារ អាចមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ឬអាចទាញយកគំរូពាក្យសុំពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh ។
ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវចែកជា២ ដំណាក់កាលគឺ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការចុះឈ្មោះបោះឆ្នោត ដែលកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតមើលការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដែលកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ។ ការចុះឈ្មោះទាំងនោះត្រូវអនុវត្តន៍តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
គ.ជ.ប បានបញ្ជាក់ជូនថា ប្រសិនបើសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមាននីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយ មិនបានបញ្ជាក់ថា សម្រាប់ប្រើប្រាស់ធ្វើអ្វី ឬមិនបានបញ្ជាក់ថា ផុតសុពលភាពនៅពេលណាទេ នោះមានន័យថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នោះនៅតែប្រើការបាន។ ចំពោះការសុំច្បាប់ឈប់ពិសេស គឺមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ នគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រី បុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ៕