(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនា យ៉ាងច្រើនកុះករពីសំណាក់យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះអ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,០០០នាក់។
ក្នុងឱកាសនោះដែរ លោក កត្តា អ៊ន គូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត សាធារណជនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់ លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថា ជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ ពួកគេផងដែរ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ១៥០ ហើយមានស្តង់សរុបជាង១៨០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែងនៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអ្នកដាក់ពាក្យរកការងារធ្វើ (CV) ដោយផ្ទាល់ និងអនឡាញ សរុប២១,៦៣៣ ប្រវត្តិរូបការងារ ក្នុងនោះមានអ្នកជាប់បឋមជាង ១,០០០នាក់ ក្រោយបេក្ខជនបានដាក់ពាក្យភ្លាម សម្ភាសភ្លាមនៅនឹងកន្លែងពិព័រណ៍ការងារតែម្តង។
សម្រាប់បងប្អូនយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារដែលមិនបានចូលរួមហើយមានបំណងស្វែងរកការងារ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA បានតាមរយៈលេខ 077 232378 (Telegram និង CoolApp) ឬ លេខ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ 1297 ឬ 1286។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា អំឡុងពេលពីរថ្ងៃបន្ទាប់ពីបានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងពិព័រណ៍នេះ មានអ្នកចូលប្រើប្រាស់ដើម្បីសាកសួរព័ត៌មាន ចុះឈ្មោះប្រើប្រាស់សេវាសាធារណៈនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាសេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះរកការងារក្រៅប្រទេស, សេវាចុះឈ្មោះចូលរៀន TVET 1.5M និងទទួលបណ្តឹងអនាមិកសរុប ៣បណ្តឹង។
គួរបញ្ជាក់ដែរថា ការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែរនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត៕