(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មចិននៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការរីកចម្រើនរួមគ្នា។
ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា និងចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង បណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងមានការអញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករចិននិងកម្ពុជា ជាច្រើនរូប។
អនុស្សរណៈយោគយល់នេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ការកំណត់ កាលានុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និង ការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនិងកម្មវិធីរួមគ្នា ក្នុងគោលបំណងជំរុញពាណិជ្ជកម្មនិងវិនិយោគពីចិនមកកម្ពុជា ជាពិសេស តំបន់រដ្ឋបាលពិសេសហុងកុង។
ថ្លែងក្នុងឱកាសនៃពិធីចុះអនុស្សរណៈយោគយល់នេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ភាពជាដៃគូសហការ របស់ស្ថាប័នទាំងពីរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងវិបុលភាពនៅកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានលើកឡើង អំពីទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើររវាងកម្ពុជា ទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើររវាងកម្ពុជានិងចិន និងបានជំរុញលើក ទឹកចិត្តវិនិយោគិនចិន ទាញយកប្រយោជន៍ពីជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការ ឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន។
បណ្ឌិត បិន លី បង្ហាញនូវសេចក្តីសោមន្សរីករាយ ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញ និងផ្សព្វផ្សាយសក្តានុពល និងបរិយាកាសធុរកិច្ចល្អប្រសើរនៅកម្ពុជា ទៅកាន់វិនិយោគិនចិន។ លោកបណ្ឌិត គូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ គឺជាជំហានវិជ្ជមានមួយ ដែលរួមចំណែកដល់ការបង្កើនពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងកម្ពុជា ហើយស្ថាប័នទាំងពីរនឹងរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ជាបន្តបន្ទាប់ដើម្បីតភ្ជាប់ សហគមន៍ធុរកិច្ចប្រទេសទាំងពីរ។
កិច្ចប្រជុំ និង ពិធីចុះអនុស្សរណៈយោគយល់ ប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរៈ ហើយស្ថាប័នទាំង ពីរនឹងបន្ត ពិភក្សាលើគម្រោង ឬកម្មវិធីជាក់លាក់ សម្រាប់អនុវត្តរួមគ្នាជារៀងរាល់ឆ្នាំ៕