(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍ ដើម្បីអបអរសាទរ ខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ និងដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ដោយភក្តីភាពថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ចំពោះព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកប ដោយ ព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ ព្រះគុណធម៌ និងព្រះមនុស្សធម៌ ដែលជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ជាម្លប់ត្រជាក់ត្រជុំនិងសុខុដុមរមនារបស់ប្រជានុរាស្រ្តទាំងអស់។
សូមជម្រាបជូនផងដែរថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ នៃរះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថៃ្ងព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស.២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជ រដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ហើយសម្រេច យកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ៕