(ភ្នំពេញ)៖ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករដ៏ល្បីមួយរបស់កម្ពុជា បានបង្ហាញក្តីបារម្ភថា ​បន្ទាប់ពីប្រទេសឥណ្ឌា ដែលគេស្គាល់ថា ជាប្រទេសនាំចេញអង្ករស ច្រើនជាគេបំផុតក្នុងពិភពលោក បានអនុញ្ញាតឱ្យនាំចេញប្រភេទអង្ករសឡើងវិញនោះ អាចនឹងជះឥទ្ធិពលដល់តម្លៃស្រូវនៅកម្ពុជា ប្រសិនបើកសិករកម្ពុជានាំគ្នាដាំប្រភេទស្រូវអ៉ីអ៊ែរ (IR) និងអូអឹម ៥៤៥១ (OM 5451) ដែលជាប្រភេទអង្ករសច្រើន បើទោះបីជាបច្ចុប្បន្ននេះតម្លៃស្រូវប្រភេទ OM 5451 មិនទាន់ចុះថ្លៃក៏ដោយ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រទេសឥណ្ឌា ​បានអនុញ្ញាតឱ្យនាំចេញប្រភេទអង្ករសឡើងវិញ បង្កើនការផ្គត់ផ្គង់អង្ករសកល ដោយបានកំណត់តម្លៃអប្បបរមាសម្រាប់ការនាំចេញអង្ករសចំនួន ៤៩០ដុល្លារក្នុងមួយតោន។ ការកំណត់នេះបាន​ធ្វើឱ្យតម្លៃអង្ករ​​ស វៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ានម៉ា ​ធ្លាក់ចុះ។

ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននាំចេញអង្ករ City Rice និង ម្ចាស់រោងម៉ាស៉ីនកិនស្រូវឡាយ សែ​ បានលើកឡើងថា ការចុះថោកនៃតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនេះ អាចនឹងជះឥទ្ធិពលដល់តម្លៃស្រូវប្រភេទ IR និង OM 5451 នៅកម្ពុជា ​ប្រសិនបើកសិករនាំគ្នាសម្រុកដាំច្រើន។

លោកបានលើកឡើងថា ​​«ដោយសារកត្តាទឹក និងកត្តាទីផ្សារ សង្កេតឃើញប្រជាកសិករខ្មែរដាំស្រូវប្រភេទ OM 5451 ច្រើន ដោយសារពឹងលើឈ្មួញវៀតណាមមកទិញ ប៉ុន្តែនៅពេលដែលអង្ករសធ្លាក់ថ្លៃ ព្រោះស្រូវ OM 5451 ក៏ជាប្រភេទអង្ករសដែរ ដូច្នេះហើយ​ ប្រជាជនដែលកន្លងមកឃើញថា ស្រូវ OM 5451 បានថ្លៃ ពួកគាត់នឹងបន្តដាំស្រូវប្រភេទនេះច្រើនលើសលប់ ដែលអាចនឹងធ្វើឱ្យតម្លៃធ្លាក់ចុះខ្លាំង និងពិបាករកទីផ្សារជាងការដាំស្រូវប្រភេទស្រងែ និងអង្ករសែនក្រអូប»។

លោកលើកទឹកចិត្តដល់កសិករគួរងាកមកដាំប្រភេទពូជស្រូវក្នុងស្រុក ដូចជា ស្រងែ និងសែនក្រអូប ជាដើម។

យោងតាមការកត់ត្រាតម្លៃស្រូវរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ម្លៃស្រូវប្រភេទ OM 5451 និង IR មានតម្លៃប្រហែលគ្នាក្នុងរង្វង់ ១ ០៦០ ក្នុងមួយគីឡូក្រាម​ ខណៈស្រូវស្រងែ មានតម្លៃ ១ ១៨០រៀលក្នុងមួយគីឡូក្រាម៕