(កំពង់ចាម)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលបានព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជំងឺគ-ថ្លង់ ដែលមានអ្នកជំងឺបានទទួលសេវាព្យាបាលជាង៤,០០០នាក់ នៅក្នុងខេត្តកំពង់ចាម និងទទួលទានអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណក្រសួងសុខាភិបាល ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) អាចដំណើរការព្យាបាលបានដោយរលូន។ ជាពិសេសថ្លែងអំណរគុណគម្រោងព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំដោយលោក ជេក ម៉េងលី បាននាំគ្រូពេទ្យឯកទ្ទេសខាង ភ្នែក ត្រចៀក និងជំងឺទូទៅមកពីប្រទេសចិន អូស្រ្តាលី ញ៉ូហ្សឺលែន បារាំង សហរដ្ឋអាមេរិក តៃវ៉ាន់ ចំនួន១០០នាក់ មកព្យាបាលជំងឺដោយឥតគិតថ្លៃ ក្រោយបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅលើទឹកដីខេត្តកំពង់ចាម ដោយទទួលបានជោគជ័យលើសពីការរំពឹងទុក។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី បានរួមគ្នាបង្កើត ជាក្រុមមួយស្រាប់ធ្វើការងារ មនុស្សធម៌នេះ និងពិតជាបានចូលរួម ចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមានទឹកចិត្ត និងសទ្ធាជ្រះថ្លា រួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ អង្គការខេមបូឌាវីសិន ដើម្បីជួយក្នុងការងារមនុស្សធម៌។
សម្តេចកិត្តិសង្គហបណ្ឌិត បានសំណូមពរឱ្យលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បន្តជួយឧបត្ថម្ភបន្ថែមទៀត និងបានស្នើឱ្យលោក ជេក ម៉េងលី បន្តនូវប្រពៃណីនៃការចែករំលែក ក្នុងការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅកម្ពុជា ក្នុងគម្រោងបន្តបន្ទាប់ទៀត៕