(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះតទៅ លោកមេធាវី សាំង វណ្ណៈ ត្រូវបានចូលកាន់តំណែងជា ប្រធានគណៈមេធាវីជាផ្លូវការហើយ។ ការប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងក្រោយទទួលបានសំឡេងគាំទ្រខ្ពស់ក្នុងអំឡុងពេលបោះឆ្នោត កាលពីសប្តាហ៍មុននេះ។
ពិធីផ្ទេរ និងចូលកាន់តំណែងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីអាណត្តិទី១៥ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៤ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ នៅទីស្នាក់ការគណៈមេធាវី ដោយមានការចូលរួមពី សំណាក់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ និងអាណត្តិទី១១ ថ្នាក់ដឹកនាំនិងបុគ្គលិក នៃអគ្គលេខាធិការគណៈមេធាវី ថ្នាក់ដឹកនាំនិងបុគ្គលិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ប្រតិភូគណៈមេធាវីប្រចាំរាជធានី -ខេត្ត ប្រចាំសាលាឧទ្ធរណ៍តំបន់និងសាលាឧទ្ធរណ៍ភ្នំពេញ និង ប្រចាំតុលាការកំពូល ប្រធានគណៈកម្មការជំនាញទាំង៥របស់គណៈមេធាវី ប្រធានគណៈកម្មការ និពន្ធនាយកព្រឹត្តិបត្រមេធាវី និងប្រធាននិងសមាជិកគណៈកម្មការបោះឆ្នោតជ្រើសតាំងប្រធានគណៈ មេធាវីអាណត្តិទី១៥និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ប្រមាណជាង ៣០០នាក់។
នៅក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីអាណត្តិទី១៥ បានឡើងធ្វើចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត ក្នុងការបំពេញការងារដឹកនាំគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា៕