(ភ្នំពេញ)៖ ខណៈនៅសល់១ថ្ងៃទៀត ដែលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននឹងត្រូវបិទបញ្ចប់ នៅមានបងប្អូនអាជីវករផ្សារធំថ្មី ចំនួន ៩៥៦នាក់ បន្តចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត សរុប ៧.៦០២.០០០៛ (ប្រាំពីរលានហុកសិបម៉ឺនពីរពាន់រៀល) ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។

សូមជម្រាបថា ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ចប់ការទទួលថវិកាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះតទៅ។

ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋខ្មែរជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តដោយទទួលបានទឹកប្រាក់សរុប ២៦,៣៣២,៨៨៣.០០ដុល្លារ។

ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងផុលផុសលើកិច្ចការអភិវឌ្ឍព្រំដែន។

ជាមួយការជូនព័ត៌មានបញ្ចប់ការទទួលប្រាក់នេះ ខុទ្ទកាល័យសម្តេចបានអំពាវនាវជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សូមបន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤៕