(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន ជាការងារចាំបាច់និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបន្តជំនាន់។
ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បាននិងកំពុងទទួលបាននូវកិច្ចសហការ និងការគាំទ្រពីក្រសួងមុខងារសាធារណៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការពូនជ្រំរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹងនិងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា «ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន ជាការងារចាំបាច់ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយនេះជាពេលវេលាដែលយើងត្រូវរៀបចំឱ្យបានជាក់លាក់ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងបន្តជំនាន់»។
នាឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ជាការបន្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារនេះសំដៅដល់ ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ៕