(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវការពារឱ្យបានអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ដោយមិនឱ្យជនអគតិណាមួយ ឬក្រុមណាមួយមកបំផ្លិចបំផ្លាញបានឡើយ។

ការថ្លែងអំពាវនាវរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺកឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិនឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង បណ្ដាអង្គភាពប្រចាំទិសទី១ ប្រាសាទព្រះវិហារ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ  ព្រមទាំងយោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។

ថ្លែងក្នុងកាសនោះលោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ ដែលសបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រឹង និងវឌ្ឍនភាពការងារដែលសម្រេចបានស្នាដៃ និងសមិទ្ធផលធំៗជាច្រើនលើការងារអភិវឌ្ឍវិស័យការពារជាតិ ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នកងកម្លាំងទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតីឆន្ទៈមនសិការស្នេហាជាតិ ដើម្បីធានាចីរភាពនៃខឿនការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការងារថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកក៏បានថ្លែងផ្តាំផ្ញើដល់សិក្ខាកាមដែលជានាយទាហាន និងពលទាហានទាំងអស់ ត្រូវយកចំណេះដឹងជំនាញដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាជនមិនឱ្យជនណាមកបំផ្លិចបំផ្លាញបានឡើយ។

បន្ថែមពីនេះ លោកស្នើឲ្យបន្តគិតគូររៀបចំផែនការហ្វឹកហ្វឺនជំនាញផ្សេងៗ ដើម្បីបន្តពង្រឹងសមត្ថភាពកងកម្លាំងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងសំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការកែទម្រង់កងកម្លាំង ខឿនការពារជាតិ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យទទួលបានជោគជ័យ។

នៅក្នុងឱកាសនេះលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងលើកឡើងអំពីលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២៣ ដែលកំពុងប្រារព្ធពិធីបិទនាពេលនេះសរុបមានចំនួន៤វគ្គ មានសិក្ខាកាមចូល រួមចំនួន៤០០នាក់ គ្រូ៤០នាក់ ហ្វឹកហ្វឺនរយៈពេល៣ខែ ចែកចេញជាវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញប្រឆាំងភេរវកម្ម១វគ្គ សិក្ខាកាមចូលរួម ១០០នាក់ និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច របស់បណ្តាកងពលតូចចំណុះទាំងបីចំនួន៣វគ្គ សិក្ខាកាមចំនួន៣០០នាក់ ដោយនៅពេលបញ្ចប់ការហ្វឹកហ្វឺន សិក្ខាកាមទទួលបានលទ្ធផលល្អ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្តពីសំណាក់នាយទាហានតាមបណ្តាជំនាញពាក់ព័ន្ធ គណៈគ្រប់គ្រងវគ្គ យោធាចារ្យ ក៏ដូចជាការខិតខំប្រឹងប្រែងដោយផ្ទាល់ពីសំណាក់សិក្ខាកាមតាមវគ្គនីមួយៗផង ដែរ។

ដោយឡែក វគ្គហ្វឹកហ្វឺនឆ្នាំ២០២៤ ដែលកំពុងប្រារព្ធពិធីបើកនាពេលនេះ មានចំនួន៥វគ្គ សិក្ខាកាមចូលរួមសរុបចំនួន៣៤០នាក់ គ្រូ១៧នាក់ ហ្វឹកហ្វឺនរយៈពេល៣ខែ ចែកចេញជាវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំនួន២វគ្គ គឺវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះរថពាសដែក វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើងត្បាល់ដេកា និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចតាមបណ្តាកងពលតូចចំណុះទាំងបី លេខ៧ លេខ៨ និងលេខ៩ ចំនួន៣វគ្គ៕