(ភ្នំពេញ)៖ ថ្ងៃនេះជាខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះបរមនាមក្នុងរាជ្យរបស់ព្រះអង្គ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។ មានសេចក្តីថា៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។
២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបំពេញរាជតួនាទី និងភារកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នាំឱ្យព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយភាពសុខដុមរមនា។
ព្រះអង្គតែងយកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រតាមរយៈការប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គក្នុងសកម្មភាពមនុស្សធម៌ ហើយក៏តែងយាងចុះតាមទីជនបទទតដោយផ្ទាល់នូវជីវភាពរបស់ប្រជាពលរដ្ឋ។
តើក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងបែបណាខ្លះពីព្រះរាជតូនាទី និងភារកិច្ចរបស់ព្រះមហាក្សត្រ?
Fresh News សូមជូនខ្លឹមសារដើមទាំងស្រុងនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលបានចែងពីព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះមហាក្សត្រ៖
ជំពូកទី២ អំពីព្រះមហាក្សត្រ…
មាត្រា៧៖ ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។
អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
មាត្រា៨៖ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តភាពជាតិ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។
មាត្រា៩៖ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។
មាត្រា១០៖ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។
មាត្រា១១ (ថ្មី)៖ ក្នុងករណីព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:
ក- អនុប្រធានទី១ ព្រឹទ្ធសភា
ខ- អនុប្រធានទី១ រដ្ឋសភា
គ- អនុប្រធានទី២ ព្រឹទ្ធសភា
ឃ- អនុប្រធានទី២ រដ្ឋសភា
មាត្រា១២ (ថ្មី)៖ នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ (ថ្មី)។
មាត្រា១៣ (ថ្មី)៖ ក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា
- អនុប្រធានទី១ និងអនុប្រធានទី២ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
មាត្រា១៤៖ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រអង្គឌួង ឬ ព្រះមហាក្សត្រនរោត្តម ឬ ក៏ព្រះមហាក្សត្រស៊ីសុវត្ថិ។
មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។
មាត្រា១៥៖ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា១៦៖ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬ ទទួលតួនាទីរដ្ឋបាល ឬ នយោបាយឡើយ។
ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និងការទូត។
មាត្រា១៧៖ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី១ នៃមាត្រា៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។
មាត្រា១៨ (ថ្មី)៖ ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។
ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។
មាត្រា១៩ (ថ្មី)៖ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី(ពីរ)។
មាត្រា២០៖ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ។
មាត្រា២១៖ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។
តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។
មាត្រា២២ (ថ្មី)៖ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
មាត្រា២៣៖ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។
មាត្រា២៤ (ថ្មី)៖ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។
មាត្រា២៥៖ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
មាត្រា២៦ (ថ្មី)៖ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និងអនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។
មាត្រា២៧៖ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។
មាត្រា២៨ (ថ្មី)៖ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្ត្រី។
ក្នុងពេលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅលើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ។
មាត្រា២៩ (ថ្មី)៖ ព្រះមហាក្សត្រ ទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ។
ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។
មាត្រា៣០ (ថ្មី)៖ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហា ក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ (ថ្មី)៕