(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធាន ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៉ី ត្រេឌីង ម.ក បានដឹកនាំគណៈប្រតិភូសមាជិកអញ្ជីញចូលរួម កិច្ចប្រជុំ លើកទី២ ស្ដីពីនីតិវិធីនាំចេញផលិតផលកម្ពុជាឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣ និង ការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ដែលដឹកនាំការប្រជុំដោយ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានសមាសភាពចូលរួមដូចជាមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងសហការីផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យលើសំណើរបស់សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម លើនីតិវិធីនៃការនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនម័យ(SPS) និងពិនិត្យលើនីតិវិធី ឯកសារច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តនានារបស់ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ព្រមទាំងកិច្ចព្រមព្រៀងក្នុងតំបន់ និងអន្តរជាតិនានា។