(ព្រះវិហារ)៖ ព្រោះតែឆ្ងាយពីទីវត្តអារាមដទៃ ពិបាកក្នុងការទៅមកធ្វើបុណ្យធ្វើទាន ឬនិមន្តព្រះសង្ឃមកធ្វើសូត្រមន្តនៅក្នុងភូមិក៏ប្រើពេលយូរទៀតនោះ ទើបជំរុញឱ្យប្រជាពុទ្ធបរិស័ទនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ សុខចិត្តយកប្លង់ផ្ទះ ប្លង់ដីរបស់ខ្លួនទៅខ្ចីលុយធនាគារ ដើម្បីយកមកទិញដី និងកសាងវត្តតូចមួយនៅក្នុងភូមិរបស់ពួកគាត់ ដែលវត្តនោះមានឈ្មោះថា «វត្តរមណីសាមគ្គីរតនារាម» ហៅវត្តបឹងវិហារលិច។

លោកពូ អឿន ស៉ីថា សមាជិកគណៈកម្មការមួយរូបនៅវត្តបឹងវិហារលិច បានឱ្យដឹងថា វត្តនេះមានទីតាំងស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ វត្តដ៏តូចមួយនេះចាប់ផ្ដើមកសាងរយៈពេល ២០ខែមកហើយ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកពូ ស៉ីថា បានបន្តថា ដើមហេតុដែលនាំឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទជម្នះប្រឹងកសាងវត្តបឹងវិហារលិចនេះ ក៏ព្រោះភូមិឃុំនៅទីនោះស្ថិតនៅឆ្ងាយពីទីប្រជុំជន និងទីវត្តអារាមដទៃ ពោលគឺចម្ងាយ ១៥គីឡូម៉ែត្រពីទីប្រជុំជនភ្នំដែក នៃស្រុករវៀង និង១៥គីឡូម៉ែត្រពីវត្តជីអោក ជាវត្តតែមួយគត់ដែលនៅជិតជាងគេ ដូច្នេះធ្វើឱ្យប្រជាពលរដ្ឋ ពិសេសលោកតាលោកយាយចាស់ៗ ពិបាកក្នុងការទៅមកធ្វើបុណ្យធ្វើទាន ឬក៏ចង់និមន្តព្រះសង្ឃមកធ្វើសូត្រមន្ត នៅក្នុងភូមិក៏ប្រើពេលយូរណាស់ ម្ល៉ោះហើយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទបានមូលមតិគ្នាចាប់ផ្ដើមកសាងវត្តនេះ ដើម្បីជាទីអារាមសម្រាប់គោរពបូជា ធ្វើពិធីបុណ្យទានតាមទំនៀមពុទ្ធសាសនា ដោយប្រសិទ្ធនាមជាផ្លូវការ «វត្តរមណីសាមគ្គីរតនារាម» ឬហៅវត្តបឹងវិហារលិច។

លោកពូ អឿន ស៉ីថា បញ្ជាក់ទៀតថា «គណៈកម្មការ-អាចារ្យវត្ត បានស្ម័គ្រចិត្តយកប្លង់ផ្ទះ-ប្លង់ដីរបស់ខ្លួន ទៅដាក់តម្កល់ខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកទិញដីសម្រាប់កសាងវត្តបឹងវិហារលិចនេះ ក្នុងនោះត្រូវបង់ទៅ ធនាគារប្រចាំខែ១,២០០,០០០រៀល ពេលមានកម្មវិធីបុណ្យទាន គឺប្រមូលបច្ច័យយកទៅបង់ធនាគារផង ទូទាត់ថ្លៃជាងសាងសង់ផង ខែខ្លះប្រសិនបើប្រាក់មិនគ្រប់ចំនួនត្រូវបង់ គណៈកម្មការវត្តមានតែរៃអង្គាសគ្នា ឬដើររៃអង្គាសពីប្រជាពុទ្ធបរិស័ទក្នុងភូមិជិតៗវត្ត»។

ព្រះតេជគុណ ឡេង ចាន់ណា ព្រះចៅអធិការវត្តបឹងវិហារលិច មានព្រះថេរដីកាថា បច្ចុប្បន្ន នៅក្នុងវត្តបឹងវិហារលិចមានព្រះសង្ឃគង់នៅចំនួន៥អង្គ ហើយមានការខ្វះខាតច្រើន ដូចជាខ្វះកុដិសម្រាប់ព្រះសង្ឃគង់នៅ ខណៈសាលាឆាន់ក៏កំពុងកសាងមិនទាន់រួចទេ ចំណែកដីវត្តក៏មានត្រឹមជាង១ហិកតាប៉ុណ្ណោះ។

ព្រះចៅអធិការវត្តបឹងវិហារលិច ក៏មានបំណងចង់ពង្រីកដីវត្តឱ្យបាន ១ហិកតាទៀត ព្រមទាំងមិនទាន់កសាងព្រះវិហារនៅឡើយ ហើយព្រះអង្គក៏មានបំណងចង់កសាងព្រះពុទ្ធប្រតិមាកម្ពស់ ២០ម៉ែត្រមួយអង្គដែរ សម្រាប់ទីគ្រឿងសក្ការបូជាក្នុងពុទ្ធសាសនា។

ទន្ទឹមនឹងការប្រឹងប្រែងស្ទើរតែអស់លទ្ធភាពនេះ ព្រះគ្រូចៅអធិការ ព្រមទាំងគណៈកម្មការ-អាចារ្យវត្ត បានសំណូមពរដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមជួយដល់ការកសាងទីវត្តបឹងវិហារលិចនេះបន្តទៀតផង ដើម្បីទុកជាកេរដំណែលសម្រាប់ប្រជាពលរដ្ឋនៅភូមិឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារនេះ ខណៈគណៈកម្មការ-អាចារ្យវត្តដែលទ្រទ្រង់ ការកសាងនេះគឺពិតជាជួបការលំបាកច្រើន ស្ទើរតែអស់លទ្ធភាពទៅហើយ៕