(ប៉េកាំង)៖ នៅថ្ងៃទី ២៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិ។
លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីព្រះអង្គទ្រង់ឡើងគ្រងរាជសម្បត្តិមក ព្រះអង្គបានរួមព្រះរាជវិភាគទានយ៉ាងសំខាន់ ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងការស្តារឡើងវិញ និងការផ្លាស់ប្តូរអន្តរជាតិរបស់កម្ពុជា ហើយបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមក ដើម្បីផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី រវាងចិននិងកម្ពុជា។ ក្រោមការដឹកនាំរួមរបស់ភាគីទាំងពីរ សហគមន៍រួមវាសនារវាងចិននិងកម្ពុជា បានឈានចូលយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ក្របខ័ណ្ឌសហប្រតិបត្តិការ "ត្បូងពេជ្រ " មានភាពកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ ការកសាង "ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា" និង "ច្រករបៀងត្រី និងស្រូវ" ទទួលបានលទ្ធផលជាវិជ្ជមាន ហើយ "ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជា " ត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក Xi Jinping បានគូសបញ្ជាក់ទៀតថា លោកមានឆន្ទៈធ្វើការជាមួយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីពង្រឹងការណែនាំជាយុទ្ធសាស្ត្រចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងន័យជំរុញឱ្យការកសាងសហគមន៍រួមវាសនា រវាងចិននិងកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន