(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធី អបអរសាទព្រះរាជពិធីបុណ្យនៃការយាងគ្រងរាជសម្បត្តិខួបលើកទី២០ឆ្នាំ (២៩តុលា ២០០៤-២៩តុលា ២០២៤) របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។
ពីធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពរតនៈ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ និងមានការនិមន្តព្រះសង្ឃ សូត្រមន្តជយោនតោថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី។
នៅក្នុងឱកាសនេះ លោក ណាប់ ប៊ុនហេង បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដោយសារលិខិតមានខ្លឹមសារថា៖
បរពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! នៅក្នុងឱកាសដ៏នក្ខត្តឫក្ស បវរមហាប្រសើរ ប្រកបដោយសេចក្តីសោមនស្សរីករាយនៃព្រះរាជពិធី បុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ទូលព្រះបង្គំ តំណាងឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី សូមព្រះបរមរាជានុញ្ញាត សម្តែងនូវក្តីកតញ្ញូតាធម៌ដ៏ជ្រាល ជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូមក្រាបបង្គំទូលថ្វាយនូវព្រះរាជ សព្ទសាធុការពរជ័យ សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការ និងព្រះរាជមហាករុណាទិគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ចំពោះជាតិ មាតុភូមិ និងប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យមាតុភូមិជាទីស្នេហា មានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស។
ឆ្លៀតក្នុងឱកាសប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុង លោក សូមប្រោះប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ប្រកបដោយជ័យមង្គលដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខ ភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាភិយោភាពតរៀងទៅ៕