(កំពង់ធំ)៖ ថ្លែងក្នុងពិធីអបអរសាទរប្រគល់វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ និងបណ្ណសរសើរដល់សិស្សពូកែប្រចាំឆ្នាំ២០២៣-២០២៤ នៅសាលារៀនសុវណ្ណភូមិទីរួមខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងថា រៀនដើម្បីអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
លោក អ៉ឹម វ៉ាន់នី បានបន្តថា សាលារៀនសុវណ្ណភូមិ ពិតជាមានការរីកចម្រើនជាលំដាប់ក្នុងការចូលរួមចំណែកទ្រទ្រង់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលក្នុងការជួយជំរុញក្មួយៗបន្តទៅថ្នាក់ឧត្តមសិក្សាសេចក្តីថ្លៃថ្នូរ។
លោកបានថ្លែងថា ការចែកសញ្ញាបត្រ និងបណ្ណសរសើរពេលនេះជាសារជូនដំណឹងដ៏សំខាន់សម្រាប់លោកឪពុក អ្នកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ថានេះ ហើយដែលជាសមិទ្ធផល ដែលក្មួយៗសិស្សានុសិស្សទាំងអស់ នៃសាលារៀនសុវណ្ណភូមិ បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នឹងចូលរួមលើកកម្ពស់ គុណភាពអប់រំ របស់សាលារៀនសុវណ្ណភូមិធ្វើយ៉ាងណាឱ្យក្មួយៗ ប្អូនៗសិស្សានុសិស្ស ទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទាពេញលេញដើម្បីបន្តទៅថ្នាក់ឧត្តមសិក្សាដោយជោគជ័យ និងក្លាយជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរស្របតាម «គោលនយោបាយបញ្ចកោណ» របស់រាជរដ្ឋាភិបាល។
លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកនាយកសាលា ថ្នាក់ដឹកនាំលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាគ្រប់ផ្នែកទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្មទាំងកម្លាំងកាយកម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារដើម្បីសម្រេចឱ្យបាននូវគោលដៅរួមរបស់ស្ថាប័ន និងស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
លោក ប្រាក់ លីម នាយកសាលារៀនសុវណ្ណភូមិ ខេត្តកំពង់ធំ បានបញ្ជាក់ថា សលារៀនបានបើកដំណើរការនៅឆ្នាំ២០២២ ដែលបច្ចុប្បន្នមានសិស្សជិត ៧០០នាក់ ផ្នែកចំណេះទូទៅខ្មែរ មានពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ មានសិស្សកំពុងរៀនថ្នាក់ទី១២ ហើយនាឆ្នាំនេះ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាមួយសាលាសាធារណៈ គឺសាលារដ្ឋដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។
លោកបានបញ្ជាក់ថា ដើម្បីបន្តកំណែលម្អកម្មវិធីសិក្សាឱ្យស្របទៅនឹងការអប់រំតាមបែបសតវត្សទី២១ ដោយបញ្ជ្រៀបការសិក្សាតាមបែបស្ថាបនានិយមដោយផ្តោតលើវិធីសាស្ត្របង្រៀនបែបថ្មីដូចជាការ បង្រៀនបែបគម្រោង វិធីសាស្ត្របង្រៀនបែបសហការ វិធីសាស្ត្របង្រៀនបែបរុករក ការ បញ្ជ្រៀបស្ទែម ជាពិសេសពង្រឹងបន្ថែមលើជំនាញ ICT ដល់ប្អូនៗសិស្សានុសិស្ស បានបំពាក់ Smart TV តាមបន្ទប់ទាំងអស់ដើម្បីជំនួយដល់ការបង្រៀន និងរៀន ការពង្រឹងបន្ថែមជានឹងសហការជាមួយសាលាល្បីៗជាដៃគូរនៅក្នុងស្រុក និងក្រៅស្រុកដើម្បី ឱ្យប្អូនៗដែលមានសមត្ថភាពខ្លាំងមានឱកាសបានប្រឡងប្រកួតប្រជែងសមត្ថភាព ក៏ដូចការ ប្រឡងយកអាហារូបករណ៍ផងដែរ៕