(បន្ទាយមានជ័យ)៖ លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យ សកម្មភាពមីន ដែលមានការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។

ការលើកឡើងបែបនេះ ក្នុងដំណើរចុះពិនិត្យសកម្មភាពបោសសម្អាតមីនមីនរបស់អង្គភាពស៊ីម៉ាក់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងផែនការឆ្នាំ២០២៤។

ការចុះពិនិត្យនេះ ដឹកនាំដោយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ UNDP, UNFPA, UNOPS, UNICEF, UN-WOMEN, WEP និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុបខាងកើត អ៊ឺរ៉ុបខាងលិច អាមេរិកឡាទីននិងរដ្ឋការីប៊ីន និងរដ្ឋអាហ្វ្រិក។

ក្នុងដំណើរឈ្វេងយល់ពីវិស័យមីន លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។

ជាមួយគ្នានេះ លោក Muhammad Abdul Muhith បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤ និងទទួលបានជោគជ័យក្នុងការអនុម័តនូវផែនការសកម្មភាពសៀមរាប-អង្គរ ដើម្បីឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងគ្រប់ស្ថាប័ន យកធ្វើជាត្រីវិស័យក្នុងការអនុវត្តផែនការសកម្មភាព មីនរបស់ខ្លួន។

ក្នុងនោះ ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានអះអាងអំពីការប្តេជ្ញាចិត្តគាំទ្រ និងបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា៕