(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភាកម្ពុជា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក៏ដូចជាសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទទួលបានព្រះបរម​រាជានុ​ញ្ញាត​ចូល​ក្រាបបង្គំគាល់ថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ខួប២០​ព្រះ​វស្សា។

ព្រះរាជពិធីថ្វាយព្រះពរត្រូវបានប្រារព្ធឡើងនៅក្នុងព្រះទីនាំងទេវានិច្ឆ័យ។ ក្នុងព្រះរាជពិធីថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញអានសារថ្វាយព្រះពរម្តងម្នាក់។

ក្នុងសារថ្វាយព្រះពរនោះ ទាំងសម្តេចតេជោ សម្តេច ឃួន សុដារី និងសម្តេចមហាបវរធិបតី បានព្រះ​បរម​រាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងបួងសួងដល់គុណ​បុណ្យ​ព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ សម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់ៗរូប។

បន្ទាប់ពីសម្តេចតេជោ សម្តេច ឃួន សុដារី និងសម្តេចមហាបវរធិបតី អានសារថ្វាយព្រះពររួចរាល់ហើយនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារថ្លែងអំណរគុណជូនដល់សម្តេចតេជោ ហ៊ុន សែន សម្តេច ឃួន សុដារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសមាជិក សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទាំងអស់ ដែលបានអញ្ជើញថ្វាយព្រះពរព្រះអង្គ៕