(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ទទួលបន្ទុកជំនាញគ្រប់គ្រងស្តង់ដាសម្ភារៈ និងបច្ចេកទេស នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានចុះពិនិត្យមើលរថយន្តបែនចំនួន៣គ្រឿង និងសម្ភារមួយចំនួន ដែលបានដឹកជញ្ជូនពីសាធារណរដ្ឋកូរ៉េ សម្រាប់ត្រៀមចូលរួមហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ (UNTPP) នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ និងពិនិត្យមើលការទុកដាក់រថយន្ត គ្រឿងចក្រ គ្រឿងបំពាក់ នៅក្នុងយានដ្ឋាន ព្រមទាំងពិនិត្យមើលសិក្ខាកាមក្នុងជំនាញ ដែលបានជ្រើសរើសដោយមន្ត្រី UNTPP កំពុងហ្វឹកហ្វឺនបំប៉ន លក្ខណៈបច្ចេកទេសគ្រឿងចក្របន្ថែម។
ពិធីនេះបានធ្វើឡើងនៅយានដ្ឋានរក្សាសន្តិភាព សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ឯក ហេង ធូ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម កំពុងហ្វឹកហ្វឺនត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើការឆ្លើយតបទៅតាមតម្រូវការនៃវគ្គហ្វឹកហ្វឺនខាងមុខ។
លោកឧត្តមសេនីយ៍ឯក ហេង ធូ បានណែនាំដល់កងកម្លាំងនៅក្នុយានដ្ឋាន ត្រូវយកចិត្តទុកដាក់ និងបែងចែកវេនប្រចាំការឱ្យបានល្អ និងត្រូវលាងសម្អាតថែទាំ រថយន្ត គ្រឿងចក្រឱ្យបានស្អាតជាប្រចាំផងដែរ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ក៏មានសិក្ខាកាមអន្តរជាតិ មកពីតំបន់អាស៊ាន អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកមកចូលរួម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕