(ភ្នំពេញ)៖ ក្រមការងារអភិរក្សសត្វព្រៃ និងកម្លាំងកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០៤នេះ បានចុះមកស្នើសុំដើម្បីយកសត្វខ្លាដំបង ១ក្បាល ដែលជនជាតិចិន នៅចំណុចភោជនីយដ្ឋាន ឆុងឈីងម៉ាថូស៊ុបចិន តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចិញ្ចឹមតាំងពីតូច ដើម្បីនាំទៅលែងនៅក្នុងទ្រុង ស្ថិតក្នុងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។

យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា «ក្រុមការងារអភិរក្សសត្វព្រៃសួនសត្វភ្នំតាម៉ៅ មកយកសត្វខ្លាដែលបុរសជនជាតិចិនចិញ្ចឹម នៅក្នុងភោជនីយដ្ឋានខាងលើដោយបានទទួលព័ត៌មាន ហើយអាជ្ញាធរថា គាត់មិនបានដឹងថាមានបុរសជនជាតិចិនចិញ្ចឹមខ្លាដំបងនេះដែរ»

អាជ្ញាធរបានបន្តថា សត្វខ្លាដំបងនេះ ត្រូវបានម្ចាស់ដាក់នៅចំហៀងខាងកើតនៃភោជនីយដ្ឋាន ដែលមានដាក់បំពាក់ដោយម៉ាស៉ីនត្រជាក់២៤ម៉ោង លើ២៤ម៉ោង និងរាល់ថ្ងៃថៅកែចិន ជាអ្នកឱ្យចំណីរាល់ថ្ងៃ ឬ២ថ្ងៃ ឱ្យម្ដង ប៉ុន្តែមួយរយៈពេលនេះបាត់ថៅកែធំ មិនឃើញឱ្យចំណី តែមានបុរសជនជាតិចិនម្នាក់ជាអ្នកមើលការខុសត្រូវខាងលើ ជាអ្នកឱ្យចំណីជំនួស តែមិនបានឱ្យញឹកញាប់ដូចមុននោះទេ សម្រាប់ចំណាយលើចំណីសត្វខ្លាដំបង គឺត្រូវចំណាយថវិកាច្រើន ពោលគឺម្ដង ត្រូវដាក់សត្វមាន់ចំនួន ៤ក្បាល បើសាច់គោដាក់ម្ដងចាប់ពី ៣ ទៅ៥គីឡូក្រាមឯណោះ។

ចំពោះករណីនេះ ត្រូវបានអាជ្ញាធរ សហការជាមួយតំណាងម្ចាស់ភោជនីយដ្ឋានព្រមពៀងឱ្យអ្នកអភិរក្សយកសត្វខ្លាដំបងនេះ ទៅដាក់នៅសួនសត្វភ្នំតាម៉ៅ តាមការស្នើរបស់អភិរក្សដោយខ្លាចបង្កហេតុដោយចៃដន្យណាមួយដល់បុគ្គលិក ឬភ្ញៀវចូលមកភោជនីយដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះដែរ តំណាងម្ចាស់ហាងស្នើសុំឱ្យខាងអភិរក្សជួយមើលថែឱ្យចំណី ដិតដល់ផងអាណិតសត្វធ្លាប់រស់នៅជាមួយម្ចាស់ស៉ីស្រួលដេក សុទ្ធម៉ាស៉ីនត្រជាក់៕