(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដឹកនាំគណៈប្រតិភូនៃរដ្ឋបាលខេត្តបាដំបង អញ្ជើញចូលរួមពិធីបុណ្យសពលោកបណ្ឌិត ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាឧត្តមស្វាមីរបស់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ និងជាឪពុកបង្កើតរបស់លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០:៣៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោកបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលតែងតែលះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាស្វាមី ឪពុក ជីតា ជីតាទួត ដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហារធម៌ជាម្លប់ត្រជាក់សម្រាប់កូន ចៅ ចៅទួត ធ្លាប់ជ្រកកោនកន្លងមក។

នៅក្នុងវេលាប្រកបដោយក្តីរំជួលចិត្តនិងសមានទុក្ខដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូ សូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕