(សេអ៊ូល)៖ កាលពីខែកញ្ញា សភាកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយ ដែលចាត់ទុកជាអំពើខុសច្បាប់ ចំពោះការមើល ឬកាន់កាប់ រូបភាពក៏ដូចជាវីដេអូ Deepfake មានលក្ខណៈអាសអាភាស ដោយការដាក់ទោស រួមមានត្រូវជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ។
ជាយូរដែរមកហើយ នៅប្រទេសកូរ៉េខាងត្បូង គឺមានការរិះគន់ជុំវិញករណីគ្រុបឆាតជាច្រើនក្នុងប្រព័ន្ធ Telegram ក្លាយជាទីដែលរូបភាព និងវីដេអូកាត់តក្លែងក្លាយ «Deepfake» បែបអាសអាភាស និងខុសច្បាប់ ត្រូវបានកាត់ត ឬបង្កើតឡើង រួចហើយចែកចាយបន្ត យ៉ាងព្រោងព្រាត ខណៈប្រការនេះបានជំរុញឱ្យមានការចាត់វិធានការដាក់ពិន័យតឹងរ៉ឹង។
យោងតាមសេចក្តីព្រាងច្បាប់ខាងលើ ជនណាដែលទិញ រក្សាទុក ឬមើល រូបភាពនិងវីដេអូមានលក្ខណៈដូចខាងលើ អាចត្រូវប្រឈមមុខការជាប់ ពន្ធនាគា ររហូតដល់៣ឆ្នាំ ឬរងពិន័យជាប្រាក់ ៣០លានវ៉ុន (២២,៦០០ដុល្លារ) ក្នុងកម្រិតអតិបរមា។ នៅក្រោមច្បាប់សព្វថ្ងៃ ស្តីពីការទប់ស្កាត់អំពើហិង្សាផ្លូវភេទ និងគាំពារជនរងគ្រោះ ការបង្កើតរូបភាព ឬវីដេអូ Deepfake អាសអាភាស ដោយមានចេតនាចែកចាយពួកវា គឺអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ឬរងពិន័យជាប្រាក់៥០លានវ៉ុន (៣៧,៩០០ដុល្លារ)។ នៅក្រោមច្បាប់ថ្មី ទម្ងន់ទោសអតិបរមា សម្រាប់បទល្មើសបែបនោះ ក៏នឹងត្រូវកើនផងដែរ គឺដល់៧ឆ្នាំ ហើយមិនខ្វល់ថា មានចេតនាបែបណាឡើយ។
នៅក្នុងឆ្នាំ២០២៤នេះ បើតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ប៉ូលិសកូរ៉េខាងត្បូង បានដោះស្រាយសំណុំរឿងបទល្មើសផ្លូវភេទពាក់ព័ន្ធបច្ចេកវិទ្យា Deepfake សរុបលើស៨០០ករណី ធៀបនឹងជាង១៥០ករណី កាលពីឆ្នាំ២០២១ ជាពេលដែលទិន្នន័យបែបនេះ ត្រូវបានកត់ត្រាជាលើកដំបូង។ បើតាមប៉ូលិស ជនរងគ្រោះនិងជនបង្កភាគច្រើនជាយុវវ័យ។ កាលពីខែកញ្ញា ប៉ូលិសកូរ៉េខាងត្បូង ក៏បានបើកការស៉ើបអង្កេតលើ ក្រុមហ៊ុន Telegram ផ្ទាល់ផងដែរ ដើម្បីពិនិត្យមើលថា តើ Telegram មានចូលរួមសមគំនិត ក្នុងសកម្មភាពចែកចាយមាតិកា Deepfake អាសអាភាសទាំងនោះ ដែរឬអត់៕