(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤នេះ បានរៀបចំពិធី អបអរសាទព្រះរាជពិធីបុណ្យនៃការយាងគ្រងរាជសម្បត្តិខួបលើកទី២០ឆ្នាំ (២៩តុលា ២០០៤-២៩តុលា ២០២៤) របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៉ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត។
លោក ញឹក បានខេង បានថ្លែងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍០១កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៤ ដែលមានព្រះបរមនាមថា «ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សមានភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯក រាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ហើយសម្រេចយកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។
លោកបានបញ្ជាក់ថា ក្នុងព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិតដ៏ឈ្លាសវៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ។ ទន្ទឹមនេះទូលព្រះបង្គំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានវឌ្ឍនភាពលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមថ្វាយព្រះរាជសព្វសាធុការពរបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពរឹងមាំ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបន្តបម្រើឧត្តមប្រយោជន៍ជាតិជាអង្វែងរៀងទៅ៕