(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន៤នាក់ ក្នុងករណីចែកចាយគ្រឿងញៀន ដោយដកហូតវត្ថុតាងរួមមានថ្នាំញៀន និងដាវចំនួន៣ដើម។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីពេលយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
បើតាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថាជនសង្ស័យទាំង៤នាក់នេះរួមមាន៖
ទី១៖ ឈ្មោះ ចាន់ ភារុណ ភេទប្រុសអាយុ២០ឆ្នាំ
ទី២៖ ឈ៖ មោះ ហឿន សំនាង ភេទស្រី អាយុ១៦ឆ្នាំ
ទី៣៖ ឈ្មោះ ហឿន សំនាង ភេទស្រី អាយុ១៦ឆ្នាំ
និងទី៤៖ ឈ្មោះ ប៉ក សារុំ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលស្នាក់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា៖ «មុនពេលកើតហេតុនោះលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេង១ក្រុមកំពុងលួចលក់ថ្នាំនៅក្រុងប៉ោយប៉ែត លោកបានដឹកនាំកម្លាំងនគរបាល១ក្រុម ចុះធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាប ២ករណី ដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៤ថង់តូច និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មានកាំបិតនិងដាវចំនួន៣ដើម»។
ក្រោយពីឃាត់ខ្លួនហើយបាននាំយកមកអធិការក្រុងប៉ោយប៉ែត សួរនាំធ្វើកំណត់ហេតុបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។ ក្រោយពីបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕