(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានដឹកនាំគណៈប្រតិភូនៃក្រុមហ៊ុន បានអញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ និងជាឪពុកបង្កើតរបស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបដែលតែងតែលះបង់គ្រប់បែបយ៉ាងដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាស្វាមី ឪពុក ជីតា ជីតាទួត ដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហារធម៌ជាម្លប់ត្រជាក់សម្រាប់កូន ចៅ ចៅទួត ធ្លាប់ជ្រកកោនកន្លងមក។

នៅក្នុងវេលាប្រកបដោយក្តីរំជួលចិត្តនិងសមានទុក្ខដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូ សូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕