(កំពង់ឆ្នាំង)៖ បន្លែត្រប់វែងជាបន្លែមួយប្រភេទទទួលបានការពេញនិយម ដែលប្រជាពលរដ្ឋទូទៅចូលចិត្តបរិភោគ ដោយសារបន្លែប្រភេទនេះគេអាចយកទៅធ្វើមុខម្ហូបបានច្រើនយ៉ាងដូចជាស្លការី ស្លកកូរ ហូបជាមួយទឹកគ្រឿង ឬផ្ទាប់ជាមួយប្រហុក ផ្អក ត្រីប្រៃ។ល។

ស្ត្រីឈ្មោះ ក្រូច សុផាត អាយុជាង៣០ឆ្នាំ មានទីលំនៅឯក្រុងភ្នំពេញ តែបានមកប្រកបមុខរបរផ្នែកកសិកម្ម នៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលគ្រួសាររបស់គាត់មានមុខរបរដាំដំណាំកសិកម្មទាំងដំណាំយុទ្ធសាស្ត្រមានដូចជា៖ ក្រូចពោធិ៍សាត់ ពុទ្រា និងត្របែកគីឡូ នឹងដូងក្រអូប ដែលបានដាំលើផ្ទៃដីជិត ៥ហិកតា។ ចំណែកបន្លែបង្ការរួមផ្សំមានបន្លែត្រប់វែង និងម្ទេស ដាំលើផ្ទៃដីជិត ២ហិកតា។

ដោយឡែកដំណាំកសិកម្មទាំងអស់ខាងលើនេះ គឺគ្រួសាររបស់គាត់ទើបតែបានទទួលផលទៅលើបន្លែត្រប់វែងមួយមុខនៅឡើយទេ ដែលបន្លែត្រប់វែងនេះគ្រួសារគាត់បានបេះលក់ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃបេះបានពី ២៥០គីឡូក្រាម ទៅជិត ៣០០គីឡូក្រាម និងបានដឹកលក់បោះឱ្យម៉ូយនៅផ្សារពង្រ ដោយលក់ក្នុងមួយថង់ស្មើនឹង១០គីឡូក្រាម តម្លៃ ១៥,០០០រៀល មានប៉ុន្មានក៏ឈ្មួញកណ្ដាលទទួលទិញយកទាំងអស់ ការលក់បន្លែប្រចាំថ្ងៃរបស់គ្រួសារគាត់គឺគ្រាន់បានប្រាក់ដើម្បីបើកជូនកម្មករ។

កសិកររូបនេះ បានបញ្ជាក់ថា ចំណែកផ្លែម្ទេស ក្រូចពោធិ៍សាត់ និងដូង នៅក្នុងរដូវប្រាំងឆ្នាំនេះ និងត្រូវចាប់ផ្ដើមទទួលផលជាបណ្ដើរៗផងដែរ។

លោកស្រីបានបញ្ជាក់ថា ដំណាំរបស់គាត់ទាំងអស់ ទាំងបន្លែ និងដំណាំយុទ្ធសាស្ត្រ គឺគ្រួសារគាត់ពុំសូវប្រើជីគីមីនោះទេ ចំពោះសារធាតុគីមីគឺប្រើនៅពេលបាញ់ថ្នាំកំចាត់ដង្កូវ និងសត្វល្អិតតែប៉ុណ្ណោះ ឯការលូតលាស់ធំធាត់ និងទទួលបានផ្លែផ្កាភាគច្រើន គឺគ្រួសារគាត់ប្រើជីកំប៉ុស្ត និងជីសរីរាង្គ ដើម្បីបំប៉នដើមនិងផ្លែផ្កា ហេតុនេះបើបងប្អូនទិញយកទៅពិសា គឺមិនប៉ះពាល់ដល់សុខភាពបងប្អូននោះឡើយ៕