(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១២រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បាននិមន្តព្រះមេគណ និងព្រះមន្ត្រីសង្ឃទាំងពីរគណៈ ចម្រើនព្រះបរិត្ត ថ្វាយព្រះពរករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួបទី២០ នៃការគ្រងរាជសម្បត្តិ នៅសាលប្រជុំក្រុមប្រឹក្សខេត្ត ដោយបានការចូលរួមពីលោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុកក្រុង នាយក នាយករងសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជាង១០០នាក់។
បន្ទាប់ពីបូជាទាន ធូប និមន្តព្រះសង្ឃទាំងពីរគណៈ ចំនួន៧អង្គ នមស្សកាព្រះរតនត្រ័យ និងចម្រើនព្រះបរិត្ត ថ្វាយព្រះពរនោះរួចមក លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាសោមនស្សរីករាយ ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួបទី២០ នៃការគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង។
ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ សូមលើកហត្ថាប្រណម្យថ្វាយបង្គំ សម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង និងសូមព្រះបរមរាជានុញ្ញាត សម្តែងនូវកត្តញ្ញូកតវីទីយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជាទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ខ្ពស់ បំពេញព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រមទាំងលះបង់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រទូទាំងខេត្តពោធិ៍សាត់ ចងចាំមិនភ្លេចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន និងព្រះមហាករុណាទិគុណ ប្រកបដោយទសពិធរាជធម៌ដ៏ប្រពៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គបាននាំមកនូវសន្តិភាព ស្ថេរភាព ការបង្រួបបង្រួមផ្សះផ្សាជាតិ និងមានសុខដុមរមនា ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ សូមលើកហត្ថា ប្រណម្យបួងសួង ដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងគុណបុណ្យព្រះរតនៈត្រ័យ ឬទ្ធិបារមីវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងទេព្តាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សាប្រោសព្រំប្រទានសព្ទសាធុកាពរ សីរីសួស្តី ជ័យមង្គល វិបុលសុខ បវរប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយសុខភាពល្អ បរិបូរណ៍ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រដាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់ៗរូបជាយូរអង្វែងតរៀងទៅ៕