(បាត់ដំបង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចូលទស្សនាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ដែលបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូលនិងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង នៅក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ។

ផ្ទះបុរាណលោកយាយ ប៊ុន រឿង មានទីតាំងស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំងាយ២គម ពីសាលាខេត្តបាត់ដំបង ផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូតប៉ិត មានន័យថាហោណាំង (រានហាល) នៅខាងមុខ និងមានជណ្ដើរពីរ ខាងមុខធ្វើពីប៉េតុង រីឯខាងក្រោយធ្វើពីឈើ ហើយដំបូលប្រក់ក្បឿងស្រកានាគ ដោយមានក្បូរក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ ចំណែកឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ ចំពោះជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ និងសសរ ទាំង៣៦ សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ៕