(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអបអរសាទរខូប ២០ព្រះវស្សា នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ដើម្បីជ្រាបថាតើដំណើរទៅមុខរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំមកនេះ មានអ្វីខ្លះ? Fresh Exclusive មានសេចក្តីរាយការណ៍ដូចតទៅ...

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាខួប២០ព្រះវស្សា នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង៩អង្គ/នាក់ ដែលរួមមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភានាពេលនោះ បានសម្រេចជ្រើសតាំងព្រះអង្គ ជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ ការជ្រើសរើសព្រះអង្គ ជាព្រះមហាក្សត្រថ្មី ធ្វើឡើងបន្ទាប់ពីព្រះរាជបិតា សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។

ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុត តាមព្រះរាជបវេណីរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យមានព្រះរាជបន្ទូលសច្ចាថា «ខ្ញុំនឹងយកអស់សមត្ថភាព បម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»។ ព្រះអង្គ បានមានព្រះរាជបន្ទូលបន្តទៀតថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។

* ព្រះមហាក្សត្រ ទ្រង់តែងប្រណិបតន៍ តាមរដ្ឋធម្មនុញ្ញកំពូលរបស់ជាតិ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកព្រះមហាក្សត្រ បានចែងត្រង់មាត្រា៧បញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។

មាត្រា៨៖ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។
មាត្រា៩៖ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។

ក្នុងរយ:ពេល២០ឆ្នាំនៃការគ្រងរាជ្យ, ព្រះអង្គ គឺជាក្សត្រដែលបានបំពេញព្រះរាជតួនាទីយ៉ាងពេញលេញ ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ, ជាព្រះមហាក្សត្រ ទ្រង់គ្រងគ្រងរាជសម្បត្តិ ប៉ុន្តែមិនកាន់អំណាច និងទ្រង់តែងបានគោរពយ៉ាងខ្ជាប់ខ្ជួននូវការធានានូវនិរន្តភាពជាតិ ធានានូវអព្យាក្រិត្យភាព ហើយទ្រង់ បានគង់ពីលើនៃអំណាចសាធារណៈទាំងអស់របស់រដ្ឋ។

ពាក់ព័ន្ធនឹងកិច្ចការក្នុងប្រទេស ព្រះអង្គតែងដើរតួនាទីយ៉ាងសំខាន់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅរបស់ព្រះអង្គ ដោយទ្រង់មានព្រះរាជតម្រិះ និងមានអព្យាក្រិត្យភាពយ៉ាងល្អបំផុតនៅពីលើអ្នកនយោបាយនានាទាំងឡាយ។
ក្នុងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបំពេញព្រះរាជតួនាទីដ៏មានសារៈសំខាន់បំផុតផងដែរ នៅក្នុងការងារទំនាក់ទំនងអន្តរជាតិ ដោយព្រះអង្គទ្រង់យាងជាព្រះរាជតំណាង នៃប្រទេសកម្ពុជានៅក្នុងកិច្ចការតំបន់ និងពិភពលោក និងព្រះអង្គតែងនាំមកនូវព្រះរាជកិត្យានុភាពជាតិ ក្នុងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។

* ប្រវត្តិ និងអតីតកាលពាក់ព័ន្ធរបស់ព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រាច្បង របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ព្រះអង្គមានព្រះអនុជបង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស។

ព្រះអង្គទ្រង់បានសិក្សានៅសាលាបឋមសិក្សានរោត្តម ហើយក្រោយមកព្រះអង្គទ្រង់បានបន្តការសិក្សានៅវិទ្យាល័យដេកាត ដែលសាលាទាំង២នេះ ស្ថិតនៅក្នុងរាជភ្នំពេញ។ នៅក្នុងវ័យ៩ព្រះវស្សា ព្រះអង្គត្រូវបានព្រះរាជបិតា បញ្ជូនទៅទីក្រុងប្រាក នៃអតីតសាធារណៈរដ្ឋឆេកូស្លូវ៉ាគី នៅក្នុងឆ្នាំ១៩៦២ ។

គង់នៅក្រៅប្រទេសនោះ ព្រះអង្គបានបង្ហាញនូវភាពលេចធ្លោដ៏គ្មានគូប្រៀប នៅក្នុងប្រព័ន្ធគរុកោសល្យ កិច្ចការស៊ីវិល និងឥរិយាបថសុជីវធម៌ដ៏ល្អក្រៃលែង។ បន្ទាប់មកព្រះអង្គទ្រង់បានសិក្សានៅថ្នាក់បឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្រ្តី ដោយទ្រង់បានសិក្សាផ្នែកតន្រ្តី និងរបាំបុរាណ ដល់ឆ្នាំ១៩៧៥។ ព្រះមហាក្សត្រខ្មែរ ទ្រង់ស្ទាត់ជំនាញខាងភាសាសាស្រ្ត ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យទាក់ទងភាសាអង់គ្លេស និងរុស្ស៊ីបានយ៉ាងល្អប្រសើរផងដែរ។

នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មក ទ្រង់បានត្រឡប់មកមាតុភូមិវិញ នៅក្នុងឆ្នាំ១៩៧៧។ ភ្លាមៗបន្ទាប់ពីព្រះអង្គបានវិលត្រឡប់មកកាន់មាតុភូមិវិញ ទ្រង់ត្រូវបានខ្មែរក្រហម ដែលកំពុងកាន់អំណាច និងកំពុងប្រឆាំងរបបរាជានិយម បានចាប់ឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្សដទៃទៀត។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រះអង្គ និងព្រះញាតិវង្សដទៃ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានរំដោះរួចពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ លុះដល់ឆ្នាំ១៩៨១ ព្រះអង្គទ្រង់បានយាងទៅកាន់ក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងទទួលព្រះរាជតួនាទីជាព្រះប្រធានសមាគមរបាំខ្មែរ។ ទ្រង់បានគង់នៅប្រទេសបារាំងជិត ២០ព្រះវស្សានៅទីនោះ និងជារឿយៗព្រះអង្គ តែងតែយាងទៅកាន់ទីក្រុងប្រាក រដ្ឋធានីនៃសាធារណរដ្ឋឆេក ជាទីដែលព្រះអង្គបានចំណាយពេលជាច្រើន នៅក្នុងព្រះជន្មក្មេងវស្សា។

នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គគឺជាឯកអគ្គរាជទូតវប្បធម៌ នៅអង្គការយូណេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណ។ នៅទីនោះ ព្រះអង្គមានប្រជាប្រិយភាព និងល្បីល្បាញយ៉ាងខ្លាំង នៅលើការតស៊ូមតិយ៉ាងស្វិតស្វាញ ចំពោះវប្បធម៌កម្ពុជា។

* ប្រទេសកម្ពុជា ក្រោមម្លប់ជាទីសក្ការៈរបស់ព្រះមហាក្សត្រខ្មែររយៈពេល២០ឆ្នាំ
រយៈពេល២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញកម្ពុជាក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។

ព្រះអង្គតែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាល ដោយផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។ នេះជាព្រះរាជបន្ទូលមួយក្នុងឆ្នាំ២០១៩ ក្នុងឱកាសយាងចុះសាកសួរសុខទុក្ខប្រជានុរាស្ត្រនៅក្នុងស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង៖

«នៅក្នុងឳកាសដ៏ល្អប្រសើរនេះ ខ្ញុំសូមពាំនាំមកនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងព្រះរាជហទ័យនឹករលឹក ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត អំពីសម្តេចព្រះវរៈរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មកជូនបងប្អូនគ្រប់ៗរូប ។ សម្តេចយាយ និងខ្លួនខ្ញុំ តែងតែ មានហទ័យយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ នៅទូទាំងប្រទេស ដោយបានដឹងថាបងប្អូនជួបប្រទះការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សម្តេចយាយនិងខ្លួនខ្ញុំ មានមហាកិត្តិយសសូមនាំមកនូវអំណោយជូនបងប្អូនជនរួមជាតិ ក្មួយៗ ចៅៗទាំងអស់ដែលមានវត្តមាននៅទីនេះ ជូនចំពោះគ្រួសារនិមួយៗ មានអង្ករ មីកញ្ចប់ ត្រីខកំប៉ុង នំបុ័ង ទឹកបរិសុទ្ធ ភួយ មុង ក្រមា សារុង ស្បែកជើងផ្ទាត់ តង់ កៅស៊ូ និងអាវយឺត មានស្លាកព្រះរាជអំណោយ ព្រះមហាក្សត្រ និងថវិកាចំនួន មួយរយពាន់រៀល»។

ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគ ព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយសាងសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។

ក្នុងពេលប្រទេសកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ ព្រះមហាក្សត្រខ្មែរ បានសព្វរាជព្រះហឫទ័យប្រោសប្រទាន នូវព្រះរាជសម្បត្តិផ្ទាល់របស់ព្រះអង្គជាច្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានា ក៏ដូចជាការទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យហ្លួងម៉ែជាដើម។ ក្រៅពីនោះព្រះអង្គក៏បានប្រោសព្រះរាជទានជាស្បៀងអាហារ និងថវិកានានា ជូនទៅប្រជាពលរដ្ឋរងគ្រោះផងដែរ។ ព្រះអង្គមិនដែលបំភ្លេចឡើយ នូវព្រះរាជបន្ទូលកោតសរសើរលើការ ដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសនាបច្ចុប្បន្ន។ នេះជាព្រះរាជបន្ទូលរបស់ព្រះអង្គក្នុងឆ្នាំ២០២៣នាឱកាសយាងចុះសាកសួរសុខទុក្ខប្រជានុ រាស្ត្រដែលជាកូននៅតាមបណ្តាខេត្ត៖

«ដូចបងប្អូនជនរួមជាតិបានជ្រាបរួចហើយ សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំដ៏ឆ្លាតវាងវៃ និងប៉ិនប្រសប់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិបានទទួលនូវសេចក្តីសុខ ទទួលនូវសន្តិភាពពេញបរិបូរណ៍ មានសេ្ថរភាពនយោបាយ ស្ថេរភាពសង្គម ស្ថេរភាពសេដ្ឋកិច្ច ព្រមទាំងមានការរីកចំរើន លូតលាស់ជឿនលឿនលើគ្រប់វិស័យ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ ព្រះអង្គតែងបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ដោយព្រះអង្គតែងតែព្រះរាជាអនុញ្ញាតសវនាការជាមួយអង្គទូតអស់អាណត្តិ និងមន្ត្រីអង្គទូតថ្មី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេង ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។

ព្រះអង្គនៅបានយាងបំពេញព្រះរាជទស្សនកិច្ចនៅក្រៅប្រទេស ដូចជាព្រះរាជដំណើរយាង ទៅប្រទេសក្នុងទ្វីបអឺរ៉ុប រួមមានប្រទេសបារាំង, ប្រទេសឆេក, ចំណែកបណ្តាប្រទេសនៅអាស៊ី មានដូចជា ប្រទេសចិន, ឥណ្ឌា, ជប៉ុន និងបណ្តាប្រទេសនានានៅអាស៊ាន ជាដើម។

សរុបជារួម ២០ឆ្នាំក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ព្រះករុណាព្រះមហាក្សត្រព្រះ នរោត្តម សីហមុនី ប្រទេសកម្ពុជា គឺជាប្រទេស ដែលពិភពលោកបានស្គាល់សុះសាយជាប្រទេស ដែលមានអង្គព្រះមហាក្សត្រប្រកបដោយទសពិតរាជធម៌, មានព្រះទ័យយកចិត្តទុកដាក់ចំពោះជាតិ និងប្រជាជន និងព្រះរាជវត្តមានរបស់ព្រះអង្គនៅក្រៅប្រទេស តែងផ្តល់មកនូវព្រះរាជកិត្យានុភាព ដល់ប្រទេសកម្ពុជា និងកាន់តែលើកតម្កើងកិត្តិយសព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសន្តិភាព ក្រោមការកាច់ចង្កូតដឹកនាំដោយរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា កាន់តែក្លាយជាប្រទេសនៃកូននាគនៅអាស៊ី កាន់តែត្រចះត្រចង់ថែមទៀត។

ក្នុងឱកាសនៃខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិនេះ យើងខ្ញុំទាំងអស់ជាបណ្តាញព័ត៌មាន Fresh News ក្នុងប្រទេសកម្ពុជា សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕