(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ មនុស្សម្នាយ៉ាងច្រើនកុះករ បានអញ្ជើញទស្សនា និងលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួប២០ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងរយពពេល៣ថ្ងៃជាប់គ្នា គឺយប់ថ្ងៃទី២៨ ២៩ និង៣០ ខែតុលា។
នៅសួនច្បារមុខព្រះបរមរាជវាំងក៏មានរៀបចំតាំងពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខណៈតាមដងផ្លូវនានារៀបចំលំអដោយភ្លើងពណ៌ប្រកបដោយសោភណភាព។
ការបាញ់កាំជ្រួច និងការរៀបចំលំអរក្នុងរាជធានី នាំឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរ និងអ្នកទេសចរអន្តរជាតិ៕