(អូម៉ង់)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ លោក Abdul Salam Mohammed Abdullah Al Marshidi ប្រធានអាជ្ញាធរវិនិយោគអូម៉ង់ (OIA) នៅរាជធានីមូស្កាត់ ប្រទេសអូម៉ង់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

ជំនួបខាងលើមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូម៉ង់លើវិស័យពាណិជ្ជកម្ម វិស័យកសិកម្ម ការងារវិនិយោគ និងឧស្សាហកម្ម ដើម្បីជាផលប្រយោជន៍រួម នៃភាគីទាំងពីរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបនូវចំណុចសំខាន់ៗនៃវិស័យកសិកម្មរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវ បានលើសពី ៧លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជម្រុញឲ្យមានឧស្សាហកម្មហាឡាល នៅកម្ពុជា ដើម្បីផលិតសម្ភារផ្សេងៗ និងម្ហូបអាហារ។

ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ ដូច្នេះឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើភាគីអូម៉ង់ ជួយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគមកសិក្សាឱកាសវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាសម្បូរវត្ថុធាតុដើមដែលមានគុណភាព មានតម្លៃពលកម្មទាប ហើយរដ្ឋាភិបាលកម្ពុជាមានច្បាប់អនុគ្រោះជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ដែលជាឱកាសសម្រាប់វិនិយោគិនមក ធ្វើការវិនិយោគលើ វិស័យសំខាន់ៗ មានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ វិស័យឈើខ្លឹមចន្ទន៍ និងផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា បន្តថា ចំពោះវិស័យឧស្ម័ន និងប្រេង កម្ពុជាបាននឹងកំពុងនាំចូល១០០% ដូច្នេះស្នើឲ្យអាជ្ញាធរវិនិយោគអូម៉ង់ពិនិត្យលទ្ធភាព និងសិក្សាឱកាសវិនិយោគក្នុងវិស័យនេះនៅកម្ពុជា ដោយសារប្រទេសអូម៉ង់ ជាប្រទេសដែលសម្បូរធនធានប្រេង និងឧស្ម័ន និងមានបទពិសោធន៍ច្រើនទាក់ទងនឹងវិស័យនេះ។

លោកបណ្ឌិត បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កនូវភាពងាយស្រួលដល់វិនិយោគទុនក្នុងស្រុក ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត។

ជាការឆ្លើយតប ប្រធានអាជ្ញាធរវិនិយោគអូម៉ង់ បានលើកឡើងថា កន្លងមកប្រទេសអូម៉ង់មិនសូវមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យវិនិយោគទេ ប៉ុន្តែដំណើរទស្សនកិច្ចការងាររបស់លោកទេសរដ្ឋមន្ត្រីមកកាន់ប្រទេសអូម៉ង់នាពេលនេះ ជាកត្តាសំខាន់ក្នុងការបើកច្រក និងបង្កើនសហប្រតិបត្តិការវិនិយោគនៅកម្ពុជា។

បច្ចុប្បន្ន OIA កំពុងវិនិយោគនៅតាមបណ្តាជាង៥០ ប្រទេស នៅលើពិភពលោក ទាំងផ្នែករដ្ឋ និងឯកជន លើវិស័យ ម្ហូបអាហារ និងនេសាទ ថាមពល ភស្តុភារ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) សេវាសាធារណៈ សេវាកម្មហិរញ្ញវត្ថុ និងការវិនិយោគ ទេសចរណ៍ រ៉ែ និងអាកាសចរណ៍។ OIA ត្រូវបានគ្រប់គ្រង ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងមានរដ្ឋមន្ត្រីជាច្រើនក្រសួងទៀតជាសមាជិកក្រុមប្រឹក្សាភិបាល។

លោកប្រធានបានលើកឡើងបន្តថា អាជ្ញាធរវិនិយោគអូម៉ង់ ក៏មានមានស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងហូជីមិញប្រទេសវៀតណាម។

ទន្ទឹមគ្នានេះ លោកគ្រោងនឹងបញ្ជូនមន្រ្តីជំនាញរបស់លោកមកជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសិក្សាអំពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា ខណៈកន្លងមក OIA ក៏បានវិនិយោគលើវិស័យឈើខ្លឹមចន្ទន៍ និងដំណាំកាកាវ ដើម្បីផលិតស្ករសូកូឡា ហើយប្រទេសអូម៉ង់ ក៏ជាប្រទេសដែលមានតម្រូវការអង្ករផងដែរ។ លោកបានស្នើសុំទេសរដ្ឋមន្ត្រីជួយសម្របសម្រួលក្នុងការរៀបចំជំនួបខាងលើផងដែរ៕