(ចិន)៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ចកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា-គុយបា និងលោក នង វាសនា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា-គុយបា អញ្ជើញចូលរួមសន្និសីទលើកទី១០នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសាមគ្គីភាពជាមួយគុយបា ដែលធ្វើឡើងនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកស្រី និន សាផុន និងលោក នង វាសនា បានឡើងថ្លែងសុន្ទរកថាគន្លឹះបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគាំទ្រសន្តិភាព កិច្ចសហប្រតិបត្តិការពហុភាគីនិយម និងការរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នារីកចម្រើនប្រកបដោយបរិយាប័ន្ន និងនិរន្តភាពសម្រាប់មនុស្សជាតិគ្រប់ៗរូបគ្រប់ប្រទេសទូទាំងសកលលោក៕