(អូម៉ង)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Said bin Mohammed bin Ahmed Al Saqri រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃប្រទេសអូម៉ង់ នៅទីស្តីការក្រសួង ក្នុងរដ្ឋធានីមូស្កាត់ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កនូវភាពងាយស្រួលដល់ការងារវិនិយោគ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន ជាពិសេសកម្ពុជាកំពុងជីកព្រែកហ្វូណនតេជោ និងកំពង់ផែសមុទ្រទឹកជ្រៅ និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើងជាបន្តបន្ទាប់។

លោកបណ្ឌិត បានស្នើរដ្ឋមន្ត្រីជួយសម្របសម្រួលឲ្យអាកាសចរណ៍អូម៉ង់ (Oman Airline) ហោះហើរត្រង់មកកម្ពុជា ដើម្បីរួមចំណែកធ្វើឲ្យការតភ្ជាប់អាកាសចរណ៍រវាងប្រទេសទាំងពីរមានភាពល្អឥតខ្ចោះ និងនាំមកនូវជម្រើសកាន់តែប្រសើរឡើងសម្រាប់អ្នកដំណើរ ខណៈកន្លងមកកម្ពុជាក៏មានអាកាសចរណ៍កាតា អេមីរ៉ាត់ និងក្រុមហ៊ុនផ្សេងៗទៀត ដែលបាននឹងកំពុងហោះហើរត្រង់មកកម្ពុជា ហើយ អាកាសចរណ៍តួកគី ក៏គ្រោងនឹងហោះហើរមកកម្ពុជានៅដើមឆ្នាំ២០២៥ខាងមុខនេះផងដែរ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំលឹកអំពីវឌ្ឍនភាពនៅក្នុងសហគមន៍ឥស្លាម ដែលមានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ និងបានប្រាប់ពីឱកាសវិនិយោគមួយចំនួនជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជ្រាបថា កម្ពុជាសម្បូរវត្ថុធាតុដើម ដែលមានគុណភាព តម្លៃពលកម្មនៅមានកម្រិតទាប មានច្បាប់វិនិយោគការពារអ្នកវិនិយោគ ហើយរដ្ឋាភិបាលកម្ពុជាក៏មានច្បាប់អនុគ្រោះលើកលែង បន្ធូរបន្ថយពន្ធជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ក្នុងស្រុក ដែលជាឱកាសសម្រាប់វិនិយោគិន មកធ្វើការវិនិយោគលើ វិស័យសំខាន់ៗមានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ ធនាគារ និងវិស័យផ្សេងៗជាច្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបនូវចំណុចសំខាន់ៗនៃវិស័យកសិកម្មរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវ បានលើសពី ៧លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជម្រុញឲ្យមានឧស្សាហកម្មហាឡាល នៅកម្ពុជា ដើម្បីផលិតសម្ភារផ្សេងៗ និងម្ហូបអាហារ។ ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ ដូច្នេះឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឯកឧត្តមរដ្ឋមន្ត្រី ជួយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគមកសិក្សាឱកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ទេសរដ្ឋមន្រ្តី និងប្រតិភូ។ ទន្ទឹមគ្នានេះដែរ លោកបានថ្លែងអំណរអរគុណ និងវាយតម្លៃខ្ពស់ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ជាពិសេសសហគមន៍ឥស្លាមនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា អូម៉ង់នឹងសិក្សាពិនិត្យលទ្ធភាពហោះហើរត្រង់មកកម្ពុជា ដោយសារឃើញពីសក្តានុពលជាច្រើនទាក់ទងនឹងវិស័យទេសចរណ៍ បង្កើនភាពងាយស្រួលដល់អ្នកវិនិយោគ និងការងារផ្សេងៗទៀត។

លោកបានជំរុញឲ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការសភាពាណិជ្ជកម្មប្រទេសទាំងពីរ កិច្ចព្រមព្រៀងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មប្រទេសទាំងពីរ កិច្ចប្រជុំស្តីពីឱកាសវិនិយោគនៃប្រទេសទាំងពីរ ជាពិសេស ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការហាឡាលកម្ពុជា-អូម៉ង់៕